ពោងស្រូបសំឡេងក្រោមទឹកបានជួយឱ្យកងកម្លាំងសង្គ្រោះស្ដាប់ឮសំឡេងលាន់ខ្លាំងៗដែលបញ្ចេញរៀងរាល់ 30 នាទីម្ដង ដែលនេះអាចជាសំឡេងដែលបង្កើតឡើងដោយមនុស្សនៅក្នុងនាវាមុជទឹក Titan ដែលកំពុងបាត់ខ្លួននៅតំបន់សាកសពកប៉ាល់ Titanic។
ក្រុមមន្ត្រីអាម៉េរិក និងកាណាដាកំពុងប្រឹងប្រែងស្វែងរកនាវាមុជទឹក Titan របស់ក្រុមហ៊ុន OceanGate ដែលនាំមនុស្ស 5 នាក់ចុះទៅមើលសាកសពកប៉ាល់ Titanic ដែលបានលិចកាលពីជាង 100 ឆ្នាំមុន។ កាលពីថ្ងៃទី 21 មិថុនា ពួកគេបានរកឃើញសំឡេងលាន់ឮខ្លាំងៗដែលមានគម្លាត់ពីគ្នារៀងរាល់ 30 នាទីម្ដង នៅពេលប្រើប្រាស់ឧបករណ៍ស្រូបសំឡេងក្រោមសមុទ្រ។ ប្រការនេះនាំឱ្យមានក្ដីសង្ឃឹមដែលថា មនុស្សនៅក្នុងនាវានេះអាចនៅមានជីវិត។
«ការដែលសំឡេងត្រូវបានបញ្ចេញរៀងរាល់ 30 នាទីម្ដងគឺជាសញ្ញាដ៏ធំមួយ។ កម្រនឹងអាចមានសំឡេងពីនាវាមុជទឹកដទៃដែលតែងមុជត្រឹមជម្រៅ 900 ម៉ែត្រ» Jamie Pringle និស្សិតថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Keele យល់ដូច្នេះ និងបន្តថា កប៉ាល់នៅលើផ្ទៃសមុទ្រនឹងបង្កើតសំឡេងបន្តបន្ទាប់មិនដាច់ ដូច្នេះ សំឡេងរៀងរាល់ 30 នាទីម្ដង អាចជាសំឡេងដែលបង្កើតឡើងដោយមនុស្សនៅក្នុងនាវា Titan។