ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា អាវុធនុយក្លេអែរបានបង្ហាញខ្លួននៅប្រទេសបេឡារូស និងបានបង្ហើបអំពីពេលវេលាសម្រេចបានគម្រោងដាក់ពង្រាយនេះ។
«ក្បាលគ្រាប់នុយក្លេអែរដំបូងៗត្រូវបានដឹកចូលទៅក្នុងទឹកដីបេឡារូស។ នេះទើបតែជាដំណាក់កាលដំបូងរបស់ផែនការ។ យើងនឹងសម្រេចជាស្ថាពរនៅមុនរដូវស្លឹកឈើជ្រុះ ឬចុងឆ្នាំនេះ» ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ថ្លែងដូច្នេះនៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg កាលពីថ្ងៃទី 16 មិថុនា។
នេះគឺជាលើកដំបូងហើយដែលលោក ពូទីន បញ្ជាក់អំពីរឿងខាងលើដោយផ្ទាល់។ យោងតាមលោក ពូទីន ការពង្រាយអាវុធប្រល័យលោកទាំងនេះនៅបេឡារូស គឺដើម្បីធានាសន្តិសុខជាតិ និងវត្តមានរបស់រដ្ឋរុស្ស៊ី។ ប៉ុន្តែលោកថា «ពិតណាស់ យើងមិនចាំបាច់ត្រូវប្រើប្រាស់យុទ្ធសាស្ត្រនេះឡើយ»។
ផែនការដាក់ពង្រាយអាវុធប្រល័យលោកនៅបេឡារូស ត្រូវបានលោក ពូទីន ប្រកាសតាំងពីខែមីនា 2023 បន្ទាប់ពីមានការយល់ព្រមពីមេដឹកនាំបេឡារូស។ រុស្ស៊ីអះអាងថា កិច្ចព្រមព្រៀងរវាងរុស្ស៊ី និងបេឡារូស គឺជាសកម្មភាពសមស្រប ព្រោះថា សហរដ្ឋអាម៉េរិក បានពង្រាយអាវុធប្រល័យលោកនៅក្នុងប្រទេសមួយចំនួននៅអឺរ៉ុប អស់ជាច្រើនទសវត្សរ៍មកហើយ៕