ផ្កាយរណប Sentinel-6 Michael Freilich បានកត់ត្រារលក Kelvin ផ្លាស់ទីទៅកាន់ភាគខាងកើត ឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក។ បាតុភូតនេះតែងត្រូវបានអ្នកវិទ្យាសាស្ត្រចាត់ទុកថាជាសញ្ញារបស់បាតុភូត El Nino។
ណាសាកំណត់បានសញ្ញាដំបូងរបស់ El Nino ពីអវកាស បន្ទាប់ពីមួយក្នុងចំណោមផ្កាយរណបរបស់ស្ថាប័ននេះ ប្រទះឃើញតំបន់ទឹកក្ដៅនៅមហាសមុទ្រប៉ាស៊ីហ្វិក ផ្លាស់ទីទៅទិសខាងកើត ទៅដល់តំបន់ឆ្នេរសមុទ្រភាគខាងលិចរបស់តំបន់អាម៉េរិកខាងត្បូង នៅក្នុងខែមីនា និងមេសា។ ទិន្នន័យពីផ្កាយរណប Sentinel-6 Michael Freilich បង្ហាញថា រលក Kelvin ផ្លាស់ទីឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក។ ប្រភេទរលកនេះមានកម្ពស់តែពី 5-10 សង់ទីម៉ែត្រ ប៉ុន្តែលាតសន្ធឹងទំហំរាប់រយគីឡូម៉ែត្រ។ ពួកវាត្រូវបានចាត់ទុកដូចជាសញ្ញាដំបូងរបស់ El Nino នៅពេលកើតឡើងនៅតំបន់អេក្វាទ័រ និងបញ្ជូនទឹកក្ដៅនៅស្រទាប់ខាងលើរបស់សមុទ្រ ទៅកាន់ភាគខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាម Live Science ចុះផ្សាយកាលពីថ្ងៃទី 16 ឧសភា។
El Nino គឺជាបាតុភូតឡើងកម្ដៅខុសប្រក្រតីនៃស្រទាប់លើរបស់ទឹកសមុទ្រនៅតំបន់អេក្វាទ័រ និងភាគខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វិក ហើយក៏ជាផ្នែកមួយនៅក្នុងវដ្ដនៃអាកាសធាតុ ENSO (ENSO គឺជាអាកាសធាតុដែលមានបាតុភូត El Nino និងបាតុភូតទឹកសមុទ្រចុះត្រជាក់ខុសប្រក្រតី La Nina។
El Nino តែងកើតឡើងពី 3-5 ឆ្នាំ/ម្ដង ប៉ុន្តែក៏អាចកើតឡើងញឹកញាប់ជាងមុន។ បាតុភូត El Nino ចុងក្រោយបានកើតឡើងកាលពីឆ្នាំ 2019។ មន្ត្រីតំណាងស្ថាប័នឧតុនិយមអាម៉េរិក (NOAA) បានឱ្យដឹងថា លទ្ធភាពដែល El Nino អាចនឹងកើតឡើងនៅក្នុងឆ្នាំនេះគឺមានរហូតដល់ 90% ហើយអូសបន្លាយដល់រដូវរងានៅអឌ្ឍគោលខាងជើង ដែលអាចធ្វើឱ្យទឹកសមុទ្រឡើងកម្ដៅបន្ថែមចាប់ពី 1 ដល់ 1.5 អង្សាសេ៕