ប្រធានាធិបតីកូឡុំប៊ី បានដកសេចក្ដីប្រកាសស្ដីពីការរកឃើញកុមារបួននាក់នៅមានជីវិតក្រោយពីបានជួបគ្រោះថ្នាក់ធ្លាក់យន្តហោះនៅក្នុងព្រៃអាម៉ាហ្សូន កាលពី 17 ថ្ងៃមុននោះ ហើយថា លោកសោកស្ដាយចំពោះការភាន់ច្រឡំនេះ។
«ខ្ញុំសូមអភ័យទោសនូវអ្វីដែលបានកើតឡើង។ កងទ័ព និងសហគមន៍ជនជាតិដើមនឹងបន្តស្វែងរកមិនឈប់ឈរ ដើម្បីនាំយកព័ត៌មានដែលប្រទេសជាតិទាំងមូលកំពុងទន្ទឹងរង់ចាំ» ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បង្ហោះសារនៅលើ Twitter កាលពីថ្ងៃទី 18 ឧសភាដូច្នេះ។
លោក Petro ក៏បានលុបអត្ថបទដែលបានបង្ហោះកាលពីមួយថ្ងៃមុននោះ ដែលនិយាយថា កងទ័ពបានរកឃើញកុមារបីនាក់ដែលមានអាយុ 4, 9, 13 ឆ្នាំ និងទារកម្នាក់អាយុ 11 ខែ ដែលបាត់ខ្លួនបន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់យន្តហោះ។ យោងតាមប្រធានាធិបតី Petro ព័ត៌មានភាន់ច្រឡំនេះត្រូវបានរាយការណ៍ដោយវិទ្យាស្ថានសុខុមាលភាពគ្រួសាររបស់រដ្ឋាភិបាល។
កាលពីថ្ងៃទី 01 ឧសភា យន្តហោះ Cessna 206 មួយគ្រឿង ដឹកមនុស្ស 7 នាក់ បានជួបគ្រោះថ្នាក់នៅពេលធ្វើដំណើរពី Araracuara ទៅកាន់ San Jose del Guaviare ជាទីក្រុងមួយស្ថិតក្នុងតំបន់ព្រៃអាម៉ាហ្សូននៅក្នុងប្រទេសកូឡុំប៊ី។ សាកសពមនុស្សបីនាក់ ក្នុងនោះក៏មានពីឡុត ត្រូវបានរកឃើញនៅកន្លែងកើតហេតុ។
ការស្រាវជ្រាវបានបង្ហាញថា កុមារបួននាក់ដែលមានអាយុ 4, 9, 13 ឆ្នាំ និងទារកអាយុ 11 ខែម្នាក់ ស្ថិតក្នុងសហគមន៍ជនជាតិដើម Huitolo នៅមានជីវិត នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះខាងលើ និងបានចូលទៅក្នុងព្រៃដើម្បីស្វែងរកអាហារ និងជំនួយ។ អាជ្ញាធរក្នុងតំបន់ក៏បានបើក «យុទ្ធនាការនៃក្ដីសង្ឃឹម» ដោយបញ្ជូនកម្លាំងទាហានជាង 100 នាក់ និងឧទ្ធម្ភាគចក្របីគ្រឿង រួមនឹងសុនកពិសេស ចូលទៅព្រៃស្វែករកជនរងគ្រោះ។
តំបន់ដែលក្មេងទាំងបួននាក់បានវង្វេង មិនមានផ្លូវល្បឿនលឿន ហើយក៏ពិបាកទៅដល់តាមរយៈផ្លូវទឹក។ ដើមឈើធំៗ កម្ពស់រហូតដល់ 40 ម៉ែត្រ រួមនឹងសត្វព្រៃ និងភ្លៀងធំក៏ធ្វើឱ្យកម្លាំងសង្គ្រោះជួបការលំបាកខ្លាំង។
សកម្មភាពស្វែងរកត្រូវបានបន្ថែម បន្ទាប់ពីកម្លាំងសង្គ្រោះបានឃើញកូនខ្ទមមួយ ដែលគេជឿថា គឺជាខ្ទមរបស់ក្មេងទាំងនោះ។ មុននោះ កម្លាំងសង្គ្រោះបានរកឃើញដបទឹកដោះគោសម្រាប់ទារក និងផ្លែឈើសល់ពីការហូប៕