អភិបាលរដ្ឋ Montana លោក Greg Gianforte បានចុះហត្ថលេខាលើច្បាប់ហាមឃាត់សកម្មភាពរបស់ TikTok ធ្វើឱ្យតំបន់មួយនេះក្លាយជារដ្ឋដំបូងគេនៅសហរដ្ឋអាម៉េរិក ដែលទប់ស្កាត់ការទាញយកកម្មវិធីវីដេអូខ្លីដែលកំពុងពេញនិយមជាងគេលើពិភពលោក។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បទបញ្ជាហាមឃាត់នេះមានសុពលភាពចាប់ពីថ្ងៃទី 01 មករា ឆ្នាំ 2024។ រដ្ឋ Montana បានកំណត់ថា ការដែលផ្សារកម្មវិធី Google Play និង App Store អនុញ្ញាតឱ្យទាញយក TikTok នៅក្នុងរដ្ឋនេះ គឺជារឿងខុសច្បាប់។
បណ្ដាញសង្គម TikTok ដែលមានអ្នកប្រើប្រាស់ជាង 150 លាននាក់នៅសហរដ្ឋអាម៉េរិក កំពុងតែប្រឈមមុខនឹងហានិភ័យត្រូវបាត់ខ្លួនពីសហរដ្ឋអាម៉េរិក ដោយសារតែក្រុមអ្នកតាក់តែងច្បាប់នាំគ្នាជំរុញឱ្យមានការបិទខ្ទប់ ព្រោះតែការបារម្ភអំពីសន្តិសុខជាតិ។
អាជ្ញាធររដ្ឋ Montana ជាទីដែលមានប្រជាជនតែជាងមួយលាននាក់ បានឱ្យដឹងថា TikTok អាចនឹងត្រូវបានពិន័យចំពោះការរំលោភច្បាប់រៀងរាល់លើក និងពិន័យជាប្រាក់បន្ថែម 10,000 ដុល្លារ/ថ្ងៃ បើសិនមិនគោរពតាម។ Apple និង Google ក៏អាចត្រូវបង់ប្រាក់ 10,000 ដុល្លារ/ថ្ងៃ ចំពោះការមិនគោរពច្បាប់ខាងលើ។
ក៏ប៉ុន្តែ បទបញ្ជានេះទំនងជានឹងត្រូវជួបឧបសគ្គច្រើនទាក់ទងនឹងច្បាប់ស្ដីពីសិទ្ធិក្នុងការបញ្ចេញមតិរបស់អ្នកប្រើប្រាស់។ ទោះជាយ៉ាងណាក៏ដោយ កាលពីចុងខែមីនាកន្លងទៅ CEO របស់ TikTok លោក Shou Chew ត្រូវបានកោះហៅឱ្យចូលសភាជាន់ទាបអាម៉េរិក ដោយសារតែមានការសង្ស័យថា TikTok មានទំនាក់ទំនងជាមួយរដ្ឋចិន និងបានស្នើឱ្យ Bytedance ដែលជាក្រុមហ៊ុនមេរបស់ TikTok ដកទុនចេញពីបណ្ដាញសង្គមនេះ មិនដូច្នេះទេ នឹងត្រូវហាមឃាត់ទាំងស្រុង។
TikTok បានឱ្យដឹងថា ពួកគេកំពុងអនុវត្តគម្រោង Project Texas ដើម្បីបង្កើតស្ថាប័នឯករាជ្យមួយសម្រាប់ការរក្សាទិន្នន័យអ្នកប្រើប្រាស់អាម៉េរិក នៅលើម៉ាស៊ីនមេដែលគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិក Oracle៕