ដោយមានព្រះចន្ទចំនួន 62 ដួង ត្រូវបានរកឃើញ ភពសៅរ៍ (Saturn) បានយកឈ្នះលើភពព្រហស្បតិ៍ជាថ្មី និងក្លាយជាភពដែលមានព្រះចន្ទច្រើនជាងគេនៅក្នុងប្រព័ន្ធព្រះអាទិត្យ។
នៅមុនពេលនៃការរកឃើញថ្មី ភពសៅរ៍មានព្រះចន្ទចំនួន 83 ដួង ដែលត្រូវបានទទួលស្គាល់ដោយសហព័ន្ធតារាសាស្ត្រអន្តរជាតិ (IAU)។ បច្ចុប្បន្ន តួលេខនេះបានកើនឡើងដល់ 145 ដួង នេះបើតាម Space ចុះផ្សាយកាលពីថ្ងៃទី 12 ឧសភា 2023។ ប្រការនេះបាននាំឱ្យភពសៅរ៍ក្លាយជាភពដំបូងគេដែលមានព្រះចន្ទជាង 100 ដួង។
ព្រះចន្ទថ្មីទាំងនេះរបស់ភពសៅរ៍ ត្រូវបានរកឃើញដោយក្រុមអ្នកវិទ្យាសាស្ត្រដែលដឹកនាំដោយបណ្ឌិត Edward Ashton មកពីវិទ្យាស្ថានតារា-រូបវិទ្យា Academia Sinica ដោយប្រើប្រាស់ទិន្នន័យពីតេឡេស្កុបរបស់កាណាដា-បារាំង-ហាវ៉ៃ (CFHT) នៅលើកោះ Hawaii ដែលប្រមូលបានតាំងពីឆ្នាំ 2019 ដល់ 2021។ ទិន្ន័យនេះជួយឱ្យពួកគេរកឃើញព្រះចន្ទថ្មីៗមានអង្កត់ផ្ចិតចាប់ពី 2.5 គីឡូម៉ែត្រ ដែលវិលជុំវិញភពសៅរ៍។
កាលពីខែកុម្ភៈ 2023 ភពព្រហស្បតិ៍បានយកឈ្នះលើភពសៅរ៍ស្ដីពីភពដែលមានព្រះចន្ទច្រើនជាងគេ នៅពេលព្រះចន្ទថ្មីចំនួន 12 របស់ភពនេះត្រូវបានទទួលស្គាល់ ជួយឱ្យចំនួនព្រះចន្ទរបស់ភពព្រហស្បតិ៍កើនដល់ 92 ដួង។ ក៏ប៉ុន្តែ បច្ចុប្បន្ន តំណែង «ស្ដេចគ្រប់គ្រងព្រះចន្ទ» នេះ បានធ្លាក់មកលើដៃភពសៅរ៍ជាថ្មី ដោយវាមានព្រះចន្ទ 145 ដួង បើទោះជាអនាគត តួលេខនេះអាចនឹងប្រែប្រួល៕