ណា​តូ (NATO) ជិត​ធ្វើ​សមយុទ្ធ​ទ័ពអាកាស​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

អាល្លឺម៉ង់​បានប្រកាសថា ណា​តូ កំពុង​រៀប​ផែន​ការធ្វើ​សមយុទ្ធ​ទ័ពអាកាស​ធំ​បំផុត​មិន​ធ្លាប់មាន​ក្នុង​អតីតកាល ដោយមាន​យន្តហោះ​យោធា​ចូលរួម​​ចំនួន 220 គ្រឿង។

ព្រឹត្តិការណ៍​សមយុទ្ធ​ទ័ពអាកាស Air Defense 2023 របស់​ណា​តូ​នឹងធ្វើ​ឡើង​ពី​ថ្ងៃទី 12 ដល់ 24 មិថុនា 2023 នៅ​អឺរ៉ុប នេះ​បើ​យោងតាម​កងទ័ព​អាល្លឺម៉ង់ (Bundeswehr) ដែល​បានឱ្យដឹង​កាលពី​ចុង​សប្ដាហ៍​កន្លង។ នេះ​គឺជា​សមយុទ្ធ​ទ័ពអាកាស​ធំ​បំផុត​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សម្ព័ន្ធ​យោធា​ណា​តូ ដោយមាន​ទាហាន​ចូលរួម​សរុប 10,000 នាក់ និង​យន្តហោះ​យោធា​ចំនួន 220 គ្រឿង​មកពី​សមាជិក​ចំនួន 24 ប្រទេស ក្នុងនោះ​មាន​ទាំង​​ហ្វាំ​ង​ឡង់​ដែលជា​សមាជិក​ថ្មី​របស់​ណា​តូ។

ទ័ពអាកាស​អាម៉េរិក​នឹង​បញ្ជូន​យន្តហោះ​ចំនួន 100 គ្រឿង​ទៅ​ចូលរួម​សមយុទ្ធ។ ស៊ុយអែត​ដែលជា​ប្រទេស​កំពុង​រង់ចាំ​ការយល់ព្រម​ឱ្យចូល​ជា​សមាជិក​ណា​តូ​ក៏​នឹងចូលរួម Air Defense 2023។

ផែនការ​នៃ​សមយុទ្ធ​នេះ​ត្រូវបាន​កសាង​ទៅតាម​សេណារីយោ «ប្រើប្រាស់​មាត្រា​ទី 5 នៃ​ធម្មនុញ្ញ​របស់​ណា​តូ» ដែល​ចែង​អំពី​គោលការណ៍​ការពារ​ជា​ក្រុម​របស់​សម្ព័ន្ធ​យោធា​នេះ​នៅពេល​សមាជិកណា​​មួយ​ត្រូវ​រង​ការវាយប្រហារ​ពីស​ត្រូវ។

ពី​ឡុ​ត​នឹងត្រូវ​ប្រឈម​នឹង​មី​ស៊ី​ល​ដី​ប្រឆាំង​អាកាស (ដោយ​ការបង្ហាញ​ត្រាប់), ឧបករណ៍​រំខាន​រលក​អេឡិចត្រូនិក និង​ការគំរាមកំហែង​ដទៃ។ Bundeswehr ឱ្យដឹងថា ខ្លឹមសារ​នៃ​សមយុទ្ធ​នេះ «នឹងមាន​ការលំបាក​ខ្លាំង» ដើម្បី​បង្កើន​ប្រសិទ្ធភាព​ឱ្យបាន​ខ្ពស់បំផុត​ចំពោះ​សកម្មភាព​សហការគ្នារ​វាង​បណ្ដា​សមាជិក និង​ដើម្បី​បង្ហាញ​កម្លាំង​របស់​ណា​តូ។

សមយុទ្ធ​ខាងលើនេះ ភាគច្រើន​ធ្វើឡើង​នៅលើ​ទឹកដី​របស់​អាល្លឺម៉ង់ ប៉ុន្តែ​បើ​យោងតាម​ផែនទី​ដែល​ផ្ដល់​ដោយ Bundeswehr ដែនអាកាស​របស់​​អេ​ស្តូ​នី​ដែលមាន​ព្រំដែន​ជាប់​នឹង​រុស្ស៊ី និង​ប្រទេស​រ៉ូ​ម៉ា​នី ជាប់​នឹង​អ៊ុយ​ក្រែ​ន ក៏​អាច​ត្រូវបាន​ប្រើប្រាស់។

Air Defense លើក​ទី 2023 នឹង​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​សមយុទ្ធ Defender Europe លើក​ទី 2023 ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក ត្រូវបាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី 22 មេសា នៅក្នុង​ដប់​ប្រទេស​នៅ​អឺរ៉ុប ដោយមាន​ទាហាន​អាម៉េរិក​ចូលរួម 9,000 នាក់ និង 17,000 នាក់​មកពី 26 ប្រទេសនៅ​​ជុំវិញ​ពិភពលោក៕

Advertisement