ប្រធានាធិបតី Erdogan ថ្លែងថា សភាតួកគី នឹងចាប់ផ្ដើមអនុម័តលើសំណើសុំចូលជាសមាជិកណាតូរបស់ប្រទេសហ្វាំងឡង់ ប៉ុន្តែបានបដិសេធសំណើដូចគ្នានេះរបស់ប្រទេសស៊ុយអែត។
«យើងសម្រេចចិត្តចាប់ផ្ដើមដំណើរការចូលជាសមាជិកណាតូរបស់ហ្វាំងឡង់នៅសភា» ប្រធានាធិបតីតួកគី Recep Tayyip Erdogan ប្រកាសនៅក្នុងសន្និសីទសារព័ត៌មាននៅអង់ការ៉ា ក្រោយពីជំនួបជាមួយសមភាគីហ្វាំងឡង់ Sauli Niinisto។ លោក Erdogan សង្ឃឹមថា សភាប្រទេសនេះនឹងយល់ព្រមតាមសំណើនេះនៅមុនការបោះឆ្នោតក្នុងខែឧសភាខាងមុខ។
ប្រធានាធិបតី Niinisto សំដែងការសាទរចំពោះការសម្រេចចិត្តនេះរបស់តួកគី និងបានវាយតម្លៃថា នេះគឺជារឿងដ៏សំខាន់ចំពោះហ្វាំងឡង់។ ក៏ប៉ុន្តែ លោក Niinisto ក៏បានអះអាងថា ការចូលជាសមាជិកណាតូរបស់ស៊ុយអែតដែលជាប្រទេសជិតខាងរបស់ហ្វាំងឡង់ ក៏ជារឿងសំខាន់ដែរ។
កាលពីឆ្នាំកន្លង តួកគី ហ្វាំងឡង់ និងស៊ុយអែត បានចុះកិច្ចព្រមព្រៀងដើម្បីដោះស្រាយការព្រួយបារម្ភផ្នែកសន្តិសុខរបស់ទីក្រុងអង់ការ៉ា។ ប៉ុន្តែ តួកគីអះអាងថា ស៊ុយអែតមិនទាន់មានលក្ខខណ្ឌគ្រប់គ្រាន់ និងបានបដិសេធការទទួលយកប្រទេសនេះជាសមាជិកសម្ព័ន្ធមិត្តយោធា។
ក្រុមមន្ត្រីស៊ុយអែតនៅតែសង្ឃឹមថា ប្រទេសនេះនឹងត្រូវបានអនុញ្ញាតឱ្យចូលជាសមាជិកណាតូ មុនពេលសម្ព័ន្ធមិត្តនេះបើកកិច្ចប្រជុំមួយនៅប្រទេសលីទុយអានី ក្នុងខែកក្កដាខាងមុខ។
ស៊ុយអែត និងហ្វាំងឡង់ កាលពីខែឧសភា 2022 បានបញ្ចប់គោលនយោបាយមិនពាក់ព័ន្ធនឹងសម្ព័ន្ធយោធារាប់ទសវត្សរ៍របស់ខ្លួន និងបានដាក់ពាក្យស្នើសុំចូលជាសមាជិកណាតូ។ ដើម្បីបានក្លាយជាសមាជិករបស់សម្ព័ន្ធមិត្តយោធានេះ ប្រទេសអឺរ៉ុបខាងជើងទាំងពីរនេះ ត្រូវតែមានការយល់ព្រមពីសភារបស់ប្រទេសទាំង 30 ដែលជាសមាជិក៕