អង្គការសហប្រជាជាតិ​អំពាវនាវ​ដល់​រុស្ស៊ី ឱ្យ​ដកទ័ព​ចេញពី​អ៊ុយ​ក្រែ​ន​ដោយ​គ្មាន​លក្ខខណ្ឌ

មហាសន្និបាត​អង្គការសហប្រជាជាតិ​បានអនុម័ត​សេចក្ដីសម្រេចចិត្ត​អំពាវនាវ​ដល់​រុស្ស៊ី ឱ្យ​ដក​កងទ័ព​ចេញពី​អ៊ុយ​ក្រែ​ន ធានា​សន្តិភាព​ស្មើភាព​គ្នា និង​យូរអង្វែង​ដល់ទី​ក្រុង​កៀវ។

កាលពី​ថ្ងៃទី 23 កុម្ភៈ 2023 មហាសន្និបាត​អង្គការសហប្រជាជាតិ បានអនុម័ត​លើ​សេចក្ដីសម្រេចចិត្ត​ស្ដីពី​ការអំពាវនាវ​ឱ្យ​បញ្ចប់សង្គ្រាម​រវាង​រុស្ស៊ី-អ៊ុយ​ក្រែ​ន នៅក្នុង​គ្រា​ដែល​ជម្លោះ​ប្រដាប់អាវុធ​នេះ​បានអូសបន្លាយ​ពេល​​ពេញ​មួយឆ្នាំ។ សេចក្ដីសម្រេច​ដែល​​មិនមាន​លក្ខណៈ​ចាប់បង្ខំ​នេះ ទទួលបាន​សន្លឹកឆ្នោត​គាំទ្រ​ចំនួន 141 សំឡេង នៅក្នុង​ចំណោម​សមាជិក 193 ប្រទេស​​ដែល​បាន​ចូលរួម។ ប្រទេស​ចំនួន 6 បាន​បោះឆ្នោត​ប្រឆាំង និង 32 ប្រទេស​បោះឆ្នោត​អនុបវាទ ក្នុងនោះ​មាន​ចិន និង​ឥណ្ឌា​ផងដែរ។

សេចក្ដីសម្រេចចិត្ត​ថ្មី​នេះ​បាន​អះអាង និង​គាំទ្រ​លើ​បូរណភាព និង​អធិបតេយ្យ​ភាព​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ហើយ​មិន​ទទួលស្គាល់​រាល់​ដែនដី​ដែល​រុស្ស៊ី​ទើបតែ​បាន​រឹបអូស។

មហាសន្និបាត​អង្គការសហប្រជាជាតិ​ក៏​អំពាវនាវ​ឱ្យ​កសាង​សន្តិភាព​ពេញលេញ យុ​ត្តិ​ធម៌ និង​យូរអង្វែង» នៅ​អ៊ុយ​ក្រែ​ន។ មហាសន្និបាត​ក៏បាន​ស្នើឱ្យ​រុស្ស៊ី​ដកទ័ព​ទាំងស្រុង និង​ដោយ​គ្មាន​លក្ខខណ្ឌ ចេញពី​ទឹកដី​អ៊ុយ​ក្រែ​ន ដោយ​គិត​ទៅតាម​ព្រំដែន​ដែល​ត្រូវបាន​អន្តរជាតិ​ទទួលស្គាល់ និង​បញ្ចប់​រាល់​សកម្មភាព​អរិភាព។

ក្រោយ​ការសម្រេច​របស់​មហាសន្និបាត ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី បាន​កោតសរសើរដល់​​អង្គការសហប្រជាជាតិ ស្រប​ពេលដែល​ទីក្រុង​មូ​ស្គូ​រិះគន់ថា ខ្វះ​យុត្តិធម៌ និង​ផាត់​ចោល​រុស្ស៊ី៕

Advertisement