យាន​របស់​ណា​សា​នៅ​ភព​អង្គារ ថត​បាន​រូបភាព «ផ្ទៃមុខ​ខ្លាឃ្មុំ​កំពុង​ញញឹម»

សណ្ឋាន​ដី​ចម្លែក​នៅ​តំបន់​មួយ​លើ​ភព​ព្រះ​អង្គារ​បង្កើតបានជា​រូបរាង​ដូច​ទៅនឹង​មុខមាត់​របស់​ខ្លាឃ្មុំ ពេល​មើល​ពីលើ​យានអវកាស​ស្រាវជ្រាវ MRO របស់​ណា​សាដែល​កំពុង​ហោះហើរ​ជុំវិញ​ភព​ក្រហម​នេះ។

ក្នុង​រូបថត​មួយ​ដែល​ត្រូវបាន​សាកលវិទ្យាល័យ Arizona (UA) ចែករំលែក​កាលពី​សប្ដាហ៍​កន្លង​បង្ហាញថា សណ្ឋាន​ដី​ដែលមាន​រូបរាង​ដូច​ទៅនឹង​ផ្ទៃមុខ​របស់​ខ្លាឃ្មុំ​កំពុង​ញញឹម ត្រូវបាន​បង្កើតឡើង​ដោយ​ស្នាម​បំណាក់​ដី​រាង​រង្វង់​មូល (រូប​ដូច​ក្បាល) និង​មាត់​រណ្ដៅ​អាចម៍ផ្កាយ (ភ្នែក) បូករួម​នឹង​កូនភ្នំ​ដែល​ដួលរលំ​រាង​ជា​អក្សរ V (ច្រមុះ និង​មាត់)។

ស្នាម​ដំណាក់​ដី​រាង​រង្វង់​មូល​អាច​កើតឡើង​ដោយសារ​បាតុភូត​ស្រុត​របស់​ស្រទាប់​ដីល្បាប់​លើ​មាត់​រណ្ដៅ​អាចម៍ផ្កាយ​ដែល​បាន​លប់​ដោយ​កំ​អែ​ភ្នំភ្លើង ឬ​ភក់។ ចំណែក​កន្លែង​ដែល​ដូច​ច្រមុះ ទំនង​ជា​​រណ្ដៅ​​ដែល​បញ្ចេញ​ចំហាយ​ឧស្ម័ន នេះ​បើតាម​ក្រុម​អ្នកជំនាញ​មកពី UA។

កាមេរ៉ា HiRISE របស់ MRO ថត​បាន​រូបភាព​ចម្លែក​នេះ​នៅពេល​ហោះ​ក្នុង​រយៈកម្ពស់​ប្រហែល 251 គីឡូម៉ែត្រ ធៀប​នឹង​ផ្ទៃដី​ភព​អង្គារ។ យានអវកាស MRO បាន​ហោះ​ទៅដល់​ពិភព​អង្គារ​កាលពី​ឆ្នាំ 2006 និង​ហោះ​មួយ​ជុំ​ភព​នេះ​ដោយ​ចំណាយពេល​តែ 112 នាទី​ប៉ុណ្ណោះ។

ភារកិច្ច​របស់ MRO គឺ​ស្រាវជ្រាវ​អំពី​អាកាសធាតុ ភូគព្ភសាស្ត្រ និង​ស្វែងរក​ទីតាំង​ល្អ​សម្រាប់​ការ​ចុះចត​ក្នុង​អនាគត ក៏ដូចជា​​ប្រមូល​ទិន្នន័យ​ពី​បេសកកម្ម​នានា​នៅ​លើដី​របស់​​ភព​អង្គារ​ដើម្បី​បញ្ជូន​បន្ត​មកកាន់​ផែនដី។

មកដល់ពេលនេះ យាន MRO បាន​បំពេញបេសកកម្ម​បាន​ជិត 17 ឆ្នាំហើយ ពោល​គឺ​យូរ​ជាង​ការរំពឹងទុក។ ណា​សា​ក៏មាន​បំណង​បន្ត​ប្រើប្រាស់​យាន​នេះ​ឱ្យ​បានយូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

Advertisement