ទ័ពអាកាស​អាម៉េរិកធ្វើតេស្ត​​ជោគ​ជ័យ​លើ​​ «អាវុធ​ល្បឿន​ជាង​សំឡេង»

ទ័ពអាកាស​អាម៉េរិក​បាន​ធ្វើតេស្ត​រួចរាល់​ដោយ​ជោគជ័យ​នូវ​អាវុធ​ល្បឿន​ជាង​សំឡេង HAWC ដើម្បី​បម្រើ​ដល់​កម្មវិធី​អភិវឌ្ឍ​អាវុធ​ដទៃទៀត។

អង្គភាព​ស្រាវជ្រាវ​គម្រោង​ការពារ​ទំនើប (DARPA) របស់​អាម៉េរិក កាលពី​ថ្ងៃទី 30 មករា ប្រកាសថា បាន​សហការ​ជាមួយ​ទ័ពអាកាស​អាម៉េរិក បញ្ចប់​ដំណាក់កាល​សាកល្បង​ចុងក្រោយ​ស្ដីពី​កម្មវិធី​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង​ដែល​ប្រើប្រាស់​ម៉ាស៊ីន​ស្រូប​ឧស្ម័ន​ធម្មជាតិ (HAWC)។

ក្នុងការ​ធ្វើតេស្ត កំណែ​មី​ស៊ី​ល​របស់​ក្រុមហ៊ុន Lockheed Martin ​បំពាក់​ម៉ាស៊ីន Sramjet Aerojet Rockedtdyne ដែល​មាន​តួនាទី​បង្ហាប់​ឧស្ម័ន​ជា​បន្តបន្ទាប់​ដើម្បី​ផ្លាស់​ទី​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង បាន​ទទួល​ជោគជ័យ​គ្រប់​គោលដៅ​​ដំបូង​របស់​កម្មវិធី។

«ការសាកល្បង​នេះ​របស់ HAWC នឹង​ផ្ដល់​ទិន្នន័យ​សំខាន់​សម្រាប់​ការប្រឹងប្រែង​អភិវឌ្ឍ​បច្ចេកវិទ្យា​ល្បឿន​លឿន​ជាង​សំឡេង​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ទ័ពអាកាស (AFRL)» DARPA ឱ្យដឹង​ដូច្នេះ។

កំណែ​គំរូ​នៃ​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង HAWC ដែល​ផលិត​ដោយ Lockheed Martin អាច​ហោះហើរ​ក្នុង​ល្បឿន​ Mach 5 (លឿន​ជាង​សំឡេង​ 5 ដង), ​កម្ពស់​ជាង 18,000 ម៉ែត្រ និង​រយៈ​ចម្ងាយ​ជា​ង 555 គីឡូម៉ែត្រ នៅក្នុង​ការធ្វើ​តេស្ត​ចុងក្រោយ។ យោងតាម DARPA ការសាកល្បង​នេះ​បាន​បង្ហាញថា សមត្ថភាព និង​ប្រសិទ្ធភាព​របស់​មី​ស៊ី​ល​គំរូ HAWC បានសម្រេច​ជា​ស្ថាពរ។

កម្មវិធី HAWC កំពុង​ឈានចូល​ដល់​ដំណាក់កាល​ចុងក្រោយ ហើយ​គ្រប់ភាគី​ដែល​ចូលរួម​កំពុង​វិភាគ​ទិន្នន័យ​ដែល​បាន​ពី​ការសាកល្បង និង​នៅតែ​មានឱកាស​ក្នុង​ការកែលំអ​បច្ចេកវិទ្យា​បន្ថែមទៀត។ ក្រោយពី​កម្មវិធី HAWC បានបញ្ចប់ សហរដ្ឋ​អាម៉េរិក​មាន​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​ពីរ​ប្រភេទ​ដែល​ត្រូវ​អភិវឌ្ឍ​ឱ្យបាន​ពេញលេញ និង​កែលំអ​បន្ថែម​ទៀត​នាពេល​អនាគត ក្នុងនោះ មួយ​ប្រភេទ​គឺជា​​របស់ Lockheed Martin និង​មួយទៀត​គឺ​ជា​របស់ Raytheon។

DARPA បាន​រៀប​គម្រោង​អភិវឌ្ឍ​ពេញលេញ​នូវ​អាវុធ​គំរូ​ដែលមាន​ល្បឿន​លឿន​ជាង​សំឡេង​ក្នុង​កម្មវិធី «បន្ថែម​ឱកាស​ជាមួយនឹង HAWC (MOHAWC)» ដែល​ក្នុងនោះ​មាន​ទាំង​ការច្នៃ និង​សាកល្បង​មធ្យោបាយ​ដែលមាន​ល្បឿន​លឿន​ជាង​សំឡេង​ដោយយោង​ទៅតាម​បច្ចេកវិទ្យា​របស់ HAWC។ មធ្យោបាយ ឬ​មី​ស៊ី​ល​ទាំងនេះ​នឹង​ក្លាយជា​គ្រឹះ​សម្រាប់​ការអភិវឌ្ឍ​អាវុធទំនើបៗនាពេល​អនាគត។

កាលពី​ឆ្នាំ 2021 អតីត​ឧត្ដមសេនីយ៍​យោធា​អាម៉េរិក​មួយរូប​បាន​ទទួលស្គាល់ថា អាម៉េរិក​ដើរ​មិនទាន់​សភាពការណ៍​បច្ចុប្បន្ន បើ​ធៀប​នឹង​រុស្ស៊ី និង​ចិន ទាក់ទិន​នឹង​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង។ អតីតមន្ត្រី​យោធា​រូបនេះ​អះអាងថា អាម៉េរិក​នឹងត្រូវ​ការ​ពេល​ច្រើន​ឆ្នាំ ហើយ​ត្រូវ​ចំណាយធនធាន​ច្រើន​ដើម្បី​ដណ្ដើមបាន​តួនាទី​នាំមុខគេ​នៅក្នុង​វិស័យនេះ៕

Advertisement