អាជ្ញាធរ​ខេត្ត​រុស្ស៊ី ប្រកាស​ផ្ដល់​រង្វាន់​ដល់​ទាហាន​ដែល​ចាប់​បាន​រថក្រោះ​លោក​ខាង​លិច

រថក្រោះ Leopard របស់​អាល្លឺម៉ង់

ទាហាន​រុស្ស៊ី​អាច​ទទួលបាន​ប្រាក់​ឡើងដល់ 43,000 ដុល្លារ​អាម៉េរិក បើសិន​ដណ្ដើមបាន​រថក្រោះ Leopard មួយគ្រឿង​ដែល​នៅ​ដំណើរការបាន ពីស​ត្រូវ​នៅលើ​ទឹកដី​អ៊ុយ​ក្រែ​ន។

លោក Alexander Osipov អភិបាលខេត្ត Zabaikalsky នៅ​ភាគ​ខាងកើត​ប្រទេស​រុស្ស៊ី បាន​សន្យា​ផ្ដល់​រង្វាន់​ដល់​បណ្ដា​ទាហាន​របស់​ខេត្ត​នេះ បើសិន​ពួកគេ​ដណ្ដើមបាន ឬ​កម្ទេច​បាន​រថក្រោះ​របស់​ណា​តូ​នៅ​អ៊ុយ​ក្រែ​ន។ ប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន​ឯកជន​មួយ​របស់​រុស្ស៊ី ក៏បាន​សន្យា​ផ្ដល់ប្រាក់​រង្វាន់​ដូចគ្នានេះ​ដល់​អ្នក​ទាំងឡាយណា​ដែល​ដណ្ដើមបាន​រថក្រោះ​ដែល​ផលិត​ដោយ​លោកខាងលិច។

អភិបាលខេត្ត​ខាងលើ​ប្រកាសថា អ្នក​ទាំងឡាយណា​ដែល​ដណ្ដើមបាន​រថក្រោះ Leopard មួយគ្រឿង​ដែល​នៅ​ដំណើរការបាន អាច​ទទួលបាន​ប្រាក់រង្វាន់ 3 លា​នរូ​ប្ល​រុស្ស៊ី (42,909 ដុល្លារ​អាម៉េរិក)។ ប្រាក់រង្វាន់ 14,303 ដុល្លារ​អាម៉េរិក នឹងត្រូវ​បានប្រគល់​ឱ្យ​អ្នក​ដែល​បាន​កម្ទេច​រថក្រោះ​មួយគ្រឿង​របស់​អាល្លឺម៉ង់​នៅ​អ៊ុយ​ក្រែ​ន។ ចំណែក​អ្នក​ដែល​ជួយ​ដណ្ដើមបាន​ជោគជ័យ​នឹង​ទទួលបាន 7,150 ដុល្លារ​អាម៉េរិក ហើយ​អ្នក​ជួយ​កម្ទេច​រថក្រោះ Leopard បាន​មួយគ្រឿង​នឹង​ទទួលបាន 2,240 ដុល្លារ​អាម៉េរិក។

ប្រាក់រង្វាន់ 21,450 ដុល្លារ​អាម៉េរិក នឹង​ត្រូវបាន​ប្រគល់ឱ្យ​អ្នកណា​ដែល​ដណ្ដើមបាន​រថក្រោះ​អាម៉េរិក M1 Abrams មួយគ្រឿង បើសិន​កម្ទេច​បាន​រថ​ក្រោះ​នេះ​នឹង​ទទួលបាន 7,150 ដុល្លារ។

លោក Osipov បញ្ជាក់ថា ទាហាន​ដែល​កំពុង​រក​វិធី​ដើម្បី​កម្ទេច ឬ​ដណ្ដើម​រថក្រោះ​របស់​បស្ចិម​លោក​នៅ​អ៊ុយ​ក្រែ​ន ដំបូងបង្អស់​ត្រូវតែ​ធ្វើ​សកម្មភាព​ដើម្បី «ការពារ​អាយុជីវិត និង​សុខភាព​ផ្ទាល់ខ្លួន»។

កាលពី​សប្ដាហ៍​កន្លងទៅ​ អាល្លឺម៉ង់ បានប្រកាសថា នឹង​ផ្ដល់ឱ្យ​ទីក្រុង​កៀវ​នូវ​រថក្រោះ Leopard 2 ចំនួន 14 គ្រឿង និង​អនុញ្ញាតឱ្យ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប នាំចេញ​រថក្រោះ​នេះ​ទៅកាន់​អ៊ុយ​ក្រែ​ន។ នាយករដ្ឋមន្ត្រី Olaf Scholz ប្រកាសថា អាល្លឺម៉ង់ និង​ដៃគូ​សហការ​កំពុង​រក​វិធី​ដើម្បី​ផ្គត់ផ្គង់​រថក្រោះ Leopard 112 គ្រឿង​ទៅឱ្យ​អ៊ុយ​ក្រែ​ន។

ចំណែក​សហរដ្ឋ​អាម៉េរិក​វិញ ក៏បាន​សន្យា​ផ្ដល់​រថក្រោះ Abrams ចំនួន 31 គ្រឿង​ដល់ទី​ក្រុង​កៀវ ប៉ុន្តែ​រថក្រោះ​ទាំងនេះ​ត្រូវបាន​គេ​ជឿថា នឹង​មិនអាច​បញ្ជូនទៅ​កាន់​សមរភូមិ​បានឡើយ រហូតដល់​ចុងឆ្នាំ​នេះ។

រុស្ស៊ី​អះអាងថា ការផ្ដល់​អាវុធ​ទៅឱ្យ​អ៊ុយ​ក្រែ​ន បង្ហាញថា ណា​តូ កំពុង​ចូលរួម​ប្រយុទ្ធ ហើយ​ថា ប្រការនេះ​នឹងធ្វើ​ឱ្យ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​អូសបន្លាយ​កាន់តែ​យូរ៕

Advertisement