សហរដ្ឋ​អាម៉េរិក​ប្រកាស​អំពី​កញ្ចប់​ជំនួយ​យោធាថ្មី​តម្លៃ​ 2.5 ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយ​ក្រែ​ន

រថពាស​ដែក​ប្រភេទ​Stryker

ក្រសួងការពារជាតិ​អាម៉េរិក ប្រកាស​ឱ្យដឹង​អំពី​កញ្ចប់​ជំនួយ​យោធា​ថ្មី​តម្លៃ 2.5 ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទាំង​រថពាសដែក រួម​នឹង​អាវុធ​ធំ​តូច​ជា​ច្រើន​ផ្សេង​ទៀត។

យោងតាម​ប្រកាស​មួយ​កាលពី​ថ្ងៃទី 19 មករា របស់​មន្ទីរ​បញ្ច​កោណ កញ្ចប់​ជំនួយ​ថ្មី​បំផុត​នេះ​រួមមាន រថពាសដែក Bradley 59 គ្រឿង, រថពាសដែក Stryker 90 គ្រឿង, ប្រព័ន្ធ​ការពារ​ដែនអាកាស Avenger និង​អាវុធ​តូចធំ​ច្រើន​ប្រភេទ​ទៀត ប៉ុន្តែ​​មិនមាន​រថក្រោះ​ដូច​ការស្នើ​របស់​អ៊ុយ​ក្រែ​ន​នោះទេ។

កញ្ចប់​ជំនួយ​ថ្មី​បំផុត​នេះ​បានធ្វើឱ្យ​ជំនួយ​យោធា​សរុប​របស់​សហរដ្ឋ​អាម៉េរិក សម្រាប់​អ៊ុយ​ក្រែ​ន ឡើងដល់​ជាង 26.7 ពាន់​លាន​ដុល្លារ រាប់​ចាប់តាំងពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះឡើង។

រថពាសដែក Stryker មិន​ក្រាស់​ដូច​រថក្រោះ ប៉ុន្តែ​វា​ធ្វើ​សកម្មភាព​បានល្អ​នៅក្នុង​ភូមិសាស្ត្រ​ដែលមាន​ព្រឹល ខ្សាច់ និង​ល្បាប់។ រថពាសដែក Stryker អាច​ដឹក​ទាហាន 9 នាក់ ខណៈដែល​រថពាសដែក Bradley អាច​ដឹក​បាន 6 នាក់។

​រថពាសដែក Bradley

អាម៉េរិក​ប្រើប្រាស់​រថពាសដែក Stryker តាំងពី​ឆ្នាំ 2002 រហូតដល់​បច្ចុប្បន្ន ក្នុងនោះ Stryker មួយគ្រឿង​មានតម្លៃ​ប្រហែល 4.9 លាន​ដុល្លារ។ Stryker ត្រូវបាន​បំពាក់​កាំភ្លើង​ធំ​ប្រភេទ 30 ម​ម, 40 ម​ម ឬ 105 ម​ម អាស្រ័យ​លើ​កំណែនីមួយៗ និង​មាន​កាំភ្លើងយន្ត 12.7 ម​ម និង 7.62 ម​ម។ រថពាសដែក​នេះ​អាច​រត់​ក្នុង​ល្បឿន 97 គីឡូម៉ែត្រ/ម៉ោង និង​មាន​រង្វង់​ប្រតិបត្តិការ​ប្រហែល 500 គីឡូម៉ែត្រ។

ចំណែក​រថពាសដែក Bradley វិញ បំពាក់​កាំភ្លើង​ធំ 25 ម​ម, មី​ស៊ី​ល​ប្រឆាំង​រថក្រោះ និង​អាចធ្វើ​សកម្មភាព​ក្នុង​រង្វង់ 480 គីឡូម៉ែត្រ៕

Advertisement