យន្ដហោះ​ដឹក​អ្នកដំណើរ​ម៉ិ​ក​ស៊ិ​ក ត្រូវ​គ្រាប់កាំភ្លើង​ពេល​កងទ័ព​ប្រយុទ្ធ​គ្នា​នឹង​ក្រុម​​គ្រឿង​ញៀន

យន្តហោះ AM165 របស់​ក្រុមហ៊ុន Aeromexico ត្រូវ​គ្រាប់​នៅពេល​​កងកម្លាំង​​របស់ ប្រទេស​ម៉ិ​ក​ស៊ិ​ក និង​ក្រុមសង្គមងងឹត Sinaloa ប្រយុទ្ធ​គ្នា​នៅក្បែរ​យន្តហោះ ប៉ុន្តែ សំណាងល្អ មិនមាន​អ្នក​ដំណើរ​ណា​ម្នាក់​បាន​ស្លាប់។

«នៅពេល​យន្តហោះ​បង្កើនល្បឿន​ដើម្បី​ហោះ​ឡើង យើង​បានឮ​សំឡេង​គ្រាប់កាំភ្លើង​នៅក្បែរ​យន្តហោះ។ យើង​នាំគ្នា​ក្រាបចុះ​» អ្នកដំណើរ​ឈ្មោះ David Tellez អាយុ 42 ឆ្នាំ រៀបរាប់​អំពី​ហេតុការណ៍​ដែល​អ្នកដំណើរ​លើ​យន្តហោះ AM165 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Aeomexico បាន​ជួប​ប្រទះ ពេល​ត្រៀម​ហោះ​ចេញពី​ទីក្រុង Culiacan ដើម្បី​ទៅកាន់ រដ្ឋធានី​ម៉ិ​ក​ស៊ី​កូ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី 05 មករា។

ក្រុមហ៊ុន​អាកាសចរណ៍​ខាងលើ​បាន​បញ្ជាក់ថា យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ពួកគេ​ត្រូវ​គ្រាប់​នៅពេល​ត្រៀម​ហោះ​ឡើង ប៉ុន្តែ​មិនមាន​អ្នកស្លាប់ ឬ​រងរបួស​នៅលើ​យន្តហោះ​នេះឡើយ។ ជើងយន្តហោះ​នេះ ក្រោយមក​ក៏ត្រូវ​បាន​លុបចោល ដើម្បី​​សុវត្ថិភាព។

មូលហេតុ​ដែលនាំឱ្យ​យន្តហោះ​ត្រូវ​គ្រាប់​គឺ​ដោយសារ​ការប្រយុទ្ធ​គ្នា​រវាង​កម្លាំង​រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក និង​ក្រុមសង្គមងងឹត។ ក្រុម​ខ្មាន់កាំភ្លើង​របស់​ក្រុម​ជនពាល Sinaloa ពេលនោះ​បាន​បើក​ការវាយប្រហារ​សងសឹក​ជាច្រើនលើក បន្ទាប់ពី​កម្លាំង​ប៉ូលិស និង​ទាហាន​សហការគ្នា​ចាប់​បាន​ Ovidio Guzman ដែលជា​កូនប្រុស​របស់​មេ​គ្រឿងញៀន El Chapo កាលពី​វេលា​ទៀបភ្លឺ​ក្នុង​ថ្ងៃ​ជាមួយគ្នា៕

Advertisement