តៃវ៉ាន់​នឹងចែក​​អាំង​ប៉ាវ​តម្លៃ​ 6,000 ដុល្លារ​តៃវ៉ាន់ ជូន​ប្រជាជន​គ្រប់រូប

មេដឹកនាំ​ស្ថាប័ន​អនុវត្ត​ច្បាប់​របស់ កោះ​តៃវ៉ាន់ ឱ្យដឹងថា អាជ្ញា​ធរមាន​ផែនការ​ផ្ដល់​អាំង​ប៉ាវ​ជា​សាច់ប្រាក់ 6,000 ដុល្លារ​តៃវ៉ាន់ ​សម្រាប់​ប្រជាជន​គ្រប់រូប​នៅលើ​កោះ​នេះ​ នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ខាងមុខ។

«ឆ្នាំ​នេះ សមិទ្ធផល​សេដ្ឋកិច្ច​​​នឹងត្រូវ​បាន​ចែករំលែក​ជូន​ប្រជាជន​គ្រប់រូប ទាំង​ក្មេង​ទាំង​​ចាស់» លោក Su Zhenchang មេដឹកនាំ​ស្ថាប័ន​អនុវត្ត​ច្បាប់​របស់ តៃវ៉ាន់ ប្រកាស​នា​ថ្ងៃនេះ​ដូច្នេះ។ «យើងខ្ញុំ​មានបំណង​ជូនពរ​គ្រប់គ្នា​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន»។

លោក Su Zhenchang ថ្លែងថា ជា​សរុប ទឹកប្រាក់ 140 ពាន់​លាន​ដុល្លារ​តៃវ៉ាន់ (ជាង 4.5 ពាន់​លាន​ដុល្លារ​អាម៉េរិក) ជា​ផ្នែក​មួយ​ដែល​បាន​ពី​ពន្ធដារ គ្រោង​នឹង​ត្រូវបាន​ចែក​ក្នុង​ទម្រង់​សាច់ប្រាក់​ជូន​ដល់​ប្រជាជន។ ប្រជាជន​តៃវ៉ាន់ម្នាក់ៗនឹង​ទទួលបាន​អាំង​ប៉ាវ 6,000 ដុល្លារ​តៃវ៉ាន់ (ប្រហែល 195 ដុល្លារ​អាម៉េរិក) ប៉ុន្តែ លោក Su Zhenchang មិនបាន​បញ្ជាក់ថា នឹង​ផ្ដល់​អាំង​ប៉ាវ​នេះ​តាមរយៈ​ធនាគារ ឬ​ដោយ​ផ្ទាល់ដៃ​នោះទេ។

គម្រោង​ចែក​អាំងប៉ាវ (红包 – (Hongbao) ដែល​​ភាសាចិនកាតាំង ហៅថា 利是(laishi) មាន​ន័យ​ថា ស្រោម​សំបុត្រ​ក្រហម) ខាងលើនេះ​ទំនងជា​នឹងត្រូវ​បាន​សភា​តៃវ៉ាន់​អនុម័ត ព្រោះថា គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​កំពុង​កាន់អំណាច មាន​សំឡេង​ភាគច្រើន។

លោក Su Zhenchang

សេដ្ឋកិច្ច​តៃវ៉ាន់ ដែល​អាស្រ័យ​ច្រើន​ទៅលើ​ការនាំចេញ មាន​កំណើន 6.45% ក្នុង​ឆ្នាំ 2021 លឿន​បំផុត​ក្នុងអំឡុង​ជាង​មួយ​ទសវត្សរ៍​កន្លងមកនេះ។ ប៉ុន្តែ កំណើនសេដ្ឋកិច្ច​តៃវ៉ាន់ ត្រូវបាន​ព្យាករ​ថា បន្ថយល្បឿន​នៅ​ឆ្នាំ 2022 និង 2023។ ឆ្នាំ 2023 ធនាគារជាតិ​តៃវ៉ាន់ ព្យាករ​ថា ផលិតផល​សរុប​ក្នុងស្រុក (GDP) របស់​កោះ​នេះ​នឹង​មាន​កំណើន​ 2.53%៕

Advertisement