ការសង្គ្រោះ​ «​ក្មេង​ធ្លាក់ចូល​បំពង់​សសរ​បេតុង​ជម្រៅ 35 ម៉ែត្រ​នៅ​វៀតណាម​ ឈាន​ចូល​​ថ្ងៃទី​​ 5 ហើយ!

ក្រោយ​រយៈពេល 5 ថ្ងៃ​នៃ​ការជួយ​សង្គ្រោះ​ក្មេងប្រុស​វ័យ 10 ឆ្នាំ ដែល​ធ្លាក់ចូល​បំពង់​សសរ​បេតុង មិនទាន់មាន​លទ្ធផល​នៅឡើយ ប៉ុន្តែ ក្រុម​សង្គ្រោះបាន​ចាប់ផ្ដើមធ្វើ​តេស្ត​លើ​​ការកំណត់​ទីតាំង​របស់​ក្មេងរងគ្រោះ និង​​កាត់​សសរ​បេតុង ខណៈ​ដំណាក់​កាល​ចុង​ក្រោយ​ជិត​ចូល​មក​ដល់​។

យប់​ថ្ងៃទី 03 មករា ក្រុម​សង្គ្រោះបាន​​ធ្វើការ​ជា​បន្តបន្ទាប់ និងយ៉ាង​​ដុតដៃដុតជើង​។ វេលា​ម៉ោង 21 ម្សិលមិញ ក្រុម​សង្គ្រោះបាន​យក​ឧ​បក​ណ៍​សង្គ្រោះ​សម្រាប់​ជំហាន​បន្ទាប់ មក​សាកល្បង​ការកំណត់​ទីតាំង​របស់​ក្មេង និង​កាត់​បំពង់​សសរ​បេតុង។ ម៉ោងជាង 23 កម្លាំង​សង្គ្រោះបាន​បាញ់​ទឹក​ជម្រះ​ដី​រឹង​ដែល​ជាប់​នៅ​ជុំវិញ​សសរ​នៅ​ក្រោម​ដី​ដែល​​ត្រូវ​បាន​អម​ដោយ​បំពង់ដែក​ថែប​ពី​ខាង​ក្រៅ​។

អាជ្ញាធរ​វៀតណាម មិនទាន់​បញ្ជាក់​អំពី​ជម្រៅ​ក្បែ​ល​ដែកខួង​បាន​ទៅដល់ ប៉ុន្តែ ក្រុម​សង្គ្រោះ​កំពុងធ្វើការ​រត់ប្រណាំង​នឹង​ពេលវេលា។

ករណី​ធ្លាក់​ក្មេង​ចូល​បំពង់​សសរ​បេតុង​ខាងលើនេះ​បានកើត​ឡើង​កាលពី​ម៉ោង​ប្រហែល 11 និង 30 នាទី ថ្ងៃទី 31 ធ្នូ 2022។ មុន​ពេល​កើត​ហេតុ​ ក្មេងរងគ្រោះ​មានឈ្មោះ​ថា Thai Ly Hao Nam (អាយុ 10 ឆ្នាំ) និង​ក្មេង 3 នាក់​ទៀត បាន​ចូលក្នុង​ការដ្ឋាន​សាងសង់​ស្ពាន​មួយកន្លែង​ដើម្បី​រើស​អេតចាយ។ ប៉ុន្តែ Hao Nam ក៏បាន​ធ្លាក់​ទៅក្នុង​បំពង់​សសរ​បេតុង​ប្រហែល​ដែល​ត្រូវបាន​ដាំ​ទៅក្នុង​ដី​ជម្រៅ​ប្រហែល 35 ម៉ែត្រ។

ប្រហែល​កន្លះ​ម៉ោង​ក្រោយពី​កុមារ​នេះ​បាន​ជួប​គ្រោះថ្នាក់ កម្លាំង​សង្គ្រោះ​ក៏បាន​ទៅដល់​កន្លែងកើតហេតុ និង​ចាប់ផ្ដើម​ដំណើរការ​ជួយសង្គ្រោះ៕

 

Advertisement