បេក្ខភាព​​ជាង 3 ម៉ឺន​នាក់ អង្គុយ​ប្រលង​ចូល​ធ្វើ​ប៉ូលិស​​​​នៅ ប៉ាគីស្ថាន

(ប៉ា​គី​ស្ថាន)- បេក្ខ​ជន បេក្ខនារី​ប្រមាណ 32,000 នាក់​ អង្គុយ​ពេញ​ណែន​លើ​កន្លែង​សម្រាប់​ទស្សនិកជន​នៅក្នុង​កីឡដ្ឋាន Jinnah កាលពី​ថ្ងៃ​ចុងឆ្នាំ ដើម្បី​ចូលរួម​សម័យ​ប្រលង​​ចូល​បម្រើការ​នៅក្នុង​ជួរ​ប៉ូលិស​របស់ អ៊ី​ស្លា​ម៉ា​បាដ។

សារព័ត៌មាន Hidustan Times កាលពី​ថ្ងៃទី 02 មករា 2023 ដកស្រង់​សម្ដី​របស់​ប៉ូលិស​នៅ អ៊ី​ស្លា​ម៉ា​បាដ ឱ្យដឹងថា បេក្ខជន​ប្រុស​ស្រី​យ៉ាងតិច 32,000 នាក់ មកពី​គ្រប់ទិសទី​របស់​ប្រទេស​ប៉ាគីស្ថាន​ បានមក​កាន់​កីឡដ្ឋាន Jinnah កាលពី​ថ្ងៃទី 31 ធ្នូ 2022 ដើម្បី​ចូលរួម​សម័យ​ប្រលង​ជ្រើសរើស​តំណែង​នានា​ចំនួន 1,667 កន្លែង​ក្នុង​ជួរ​ប៉ូលិស។

វីដេអូ និង​រូបភាព​ដែល​ត្រូវបាន​គេ​ចែករំលែក​លើ​បណ្ដាញ​សង្គម​បង្ហាញថា កន្លែង​ទស្សនិកជន​របស់​កីឡដ្ឋាន Jinnah ដែល​ធំជាងគេ​នៅ ប៉ា​គី​ស្ថាន ពេញ​ណែន​ដោយ​មនុស្ស។ បេក្ខភាព​ទាំងអស់​អង្គុយ​​ប្រលង ក្រោម​ការត្រួតពិនិត្យរ​បស់​មន្ត្រីនគរបាល។

ក្នុង​ជួរ​នគរបាល​នៅ អ៊ី​ស្លា​ម៉ា​បាដ នៅ​ខ្វះ​មុខតំណែង​ជាច្រើន​ក្នុងអំឡុង 5 ឆ្នាំ​កន្លង ហើយ​សម័យ​ប្រលង​កន្លង​មក​មិន​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​យុវវ័យ​ប៉ា​គី​ស្ថាន។ មូល​ហេតុដែល​នាំឱ្យមាន​បេក្ខភាព​ច្រើន​លើសលុប​ចូលរួម​ប្រលង​នៅ​ឆ្នាំនេះ ត្រូវបាន​គេ​យល់ថា ដោយសារ​បញ្ហា​អត់​ការងារ​ធ្វើ​មាន​អត្រា​ខ្ពស់ ពិសេស​ក្នុងចំណោម​យុវវ័យ​ប៉ា​គី​ស្ថាន ក្នុងអំឡុង​សេដ្ឋកិច្ច​មាន​ឱនភាព។

យោងតាម​វិទ្យាស្ថាន​សេដ្ឋកិច្ច​អភិវឌ្ឍ​ប៉ា​គី​ស្ថាន (PIDE) យុវវ័យ​ជាង 31% កំពុង​គ្មាន​ការងារ​ធ្វើ ក្នុងនោះ​មាន 51% គឺជា​នារី។ ការប្រលង​ជាប់​ចូល​បម្រើការ​នៅក្នុង​ស្ថាប័ន​ប៉ូលិស នឹង​ជួយ​ឱ្យ​ពួកគេ​មានការ​ងារ​ស្ថិរភាព​នៅក្នុង​កាលៈទេសៈ​លំបាក​ដូច​បច្ចុប្បន្ន។

សេដ្ឋកិច្ច​របស់ ប៉ា​គី​ស្ថាន ប្រែជា​អាក្រក់ ក្រោយពី​មាន​គ្រោះទឹកជំនន់​ដែល​បានធ្វើឱ្យ 1/3 នៃ​ផ្ទៃដី​ប្រទេស​នេះ​ស្ថិតក្នុង​ទឹក​កាលពី​ឆ្នាំ​កន្លង។ ប្រទេស​នេះ​ក៏​កំពុងតែ​ប្រឈម​នឹង​អស្ថិរភាព​នយោបាយ នៅពេល​អតីត​នាយករដ្ឋមន្ត្រី Inran Khan ត្រូវបាន​សភា​បោះឆ្នោត​ទម្លាក់​កាលពី​ខែមេសា 2022៕

Advertisement