ទិដ្ឋភាព​ព្យុះ​ព្រឹល​វាយប្រហារ​ទឹកដី​អាម៉េរិក ក្នុង​រដូវ​បុណ្យ​ណូអែល

ព្យុះ​ព្រឹល​ដ៏​ធំកើត​មាន​នៅ​​ក្នុង​រដូវ​បុណ្យ​ណូអែល​ឆ្នាំនេះ នាំឱ្យមាន​ព្រឹលធ្លាក់​​យ៉ាង​ក្រាស់​ បណ្ដាលឱ្យ​តំបន់​ខ្លះ​ត្រូវ​កក បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​មនុស្ស​រាប់លាន​នាក់​នៅ សហរដ្ឋ​អាម៉េរិក។

ព្យុះ​ព្រឹល​ចាប់ផ្ដើមកើត​មាន​​ពី​តំបន់​សម្ពាធ​ទាប​លើ Five Great Lakes បន្ត​ប្រែប្រួល​នៅ សហរដ្ឋ​អាម៉េរិក បង្ក​ការខូចខាត​ក្នុង​ទ្រង់ទ្រាយ​ធំ ធ្វើឱ្យ​កកស្ទះ​ចរាចរណ៍​ក្នុង​រដូវ​បុណ្យ​ណូអែល។ រដ្ឋ​ជាច្រើន​ស្ថិតក្នុង​ស្ថានភាព​ព្រឹល​ធ្លាក់​យ៉ាង​ក្រាស់ និង​មាន​ភ្លៀង ទឹកជំនន់ ហើយ​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង។

ទ្រង់ទ្រាយ​របស់​ព្យុះ​ព្រឹល​នេះ ស្ទើរតែ​មិន​ធ្លាប់មាន​ពីមុនមក ដោយ​វា​អូសបន្លាយ​ពី​តំបន់ Five Great Lakes ក្បែរ ប្រទេស​កាណាដា រហូតដល់ Rio Grande តាម​បណ្ដោយ​ព្រំដែន​ជាមួយនឹង ម៉ិ​ក​ស៊ិ​ក។

ស្ថាប័ន​ជាតិ​ឧតុនិយម (NWS) គណនា​ឃើញថា ពលរដ្ឋ​អាម៉េរិក ប្រហែល 60% បានទទួល​សេចក្ដី​ព្រមាន ឬការណែនាំ​អំពី​គ្រោះថ្នាក់​ធម្មជាតិ​មួយ​នេះ។ ជើងហោះហើរ​ជាង 2,300 ត្រូវបាន​លុបចោល​ក្នុង​ថ្ងៃទី 24 ធ្នូ។

អភិបាលក្រុង New York បានឱ្យដឹងថា រថយន្ត​ពន្លត់​អគ្គិភ័យ​ស្ទើរតែ​ទាំងអស់​ត្រូវ​ជាប់គាំង។ ព្រលានយន្តហោះ​ក្នុង​ទីក្រុង​ត្រូវ​បិទទ្វារ​រហូតដល់​ថ្ងៃទី 26 ធ្នូ។

បាតុភូតធម្មជាតិ​ដ៏​អាក្រក់​នេះ ក៏​ធ្វើឱ្យ​ផ្ទះ និង​ទីតាំង​អាជីវកម្ម​រាប់សែន​កន្លែង​នៅ សហរដ្ឋ​អាម៉េរិក ត្រូវ​ដាច់ភ្លើង។ មនុស្ស​រាប់លាន​នាក់​រស់នៅក្នុង​ស្ថានភាព​ព្រួយបារម្ភ​អំពី​ការ​ដាច់​ភ្លើង ខណៈដែល​សកម្មភាពរ​បស់​ប៉ូលិស និង​កម្លាំង​ពន្លត់​អគ្គិភ័យ​ក៏ត្រូវ​ជាប់គាំង។

យ៉ាងហោចណាស់​មាន​មនុស្ស 22 នាក់​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ទាក់ទង​នឹង​ព្យុះ​ព្រឹល​នៅ សហរដ្ឋ​អាម៉េរិក។ តំបន់​មួយចំនួន​មាន​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង អាច​គំរាមកំហែង​ដល់​អាយុជីវិត​របស់​អ្នកដំណើរ​ដែល​ជាប់​នៅលើ​ដងផ្លូវ​ដោយសារ​ព្រឹល៕

Advertisement