បាតុកម្មហិង្សា​ផ្ទុះឡើង​នៅ​ប្រទេស​បារាំង ក្រោយ​ករណី​បាញ់រះ​សម្លាប់​មនុស្ស​ច្រើន​នាក់

ក្រុមបាតុករ​ជនជាតិ​ឃើ​ដ (Kurd) ប៉ះទង្គិច​នឹង​ប៉ូលិស​នៅ បារី​ស នៅពេល​ពួកគេ​ខឹង និង​រិះគន់ថា អាជ្ញាធរ​ធ្វើ​សកម្មភាព​តិចពេក​នៅក្នុង​ការទប់ស្កាត់​ករណី​បាញ់រះ​បណ្ដាលឱ្យ​មនុស្ស 3 នាក់​ស្លាប់។

បាតុកម្មហិង្សា​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី 23 ធ្នូ នៅពេល​ក្រុមបាតុករ​ព្យាយាម​ចូល​ទៅជិត​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បារាំង Gerald Darmanin ក្នុងពេល​លោក​មក​ពិនិត្យ​កន្លែងកើតហេតុ​នៃ​ករណី​បាញ់ប្រហារ​សម្លាប់​មនុស្ស 3 នាក់​នៅ រដ្ឋធានី​បារី​ស ដែល​បាន​កើតឡើង​ប៉ុន្មាន​ម៉ោង​មុន​នោះ។

ក្រុមមនុស្ស​ដែល​កំពុង​ខឹង នាំគ្នា​គប់​របស់របរ​សំដៅលើ​ក្រុមប៉ូលិស និង​ចោទ​អាជ្ញាធរ​ថា ធ្វើ​សកម្មភាព​តិចពេក មិនអាច​ទប់ស្កាត់​អំពើ​បាញ់ប្រហារ​នេះ​បាន។ ក្រុមបាតុករ​ក៏បាន​វាយបំផ្លាញ​រថយន្ត​ប៉ូលិស​ដែល​នៅក្បែរនោះ​ផងដែរ។

កងកម្លាំង​ប៉ូលិស​ប្រឆាំង​កុបកម្ម​បារាំង ក្រោយមក​ក៏បាន​ប្រើប្រាស់​គ្រាប់បែក​ផ្សែង​បង្ហូរទឹកភ្នែក​ដើម្បី​រំសាយ​ក្រុមបាតុករ។

សមត្ថកិច្ច​បារាំង បាន​ចាប់ខ្លួន​ជនសង្ស័យ​នៅក្នុង​ហេតុការណ៍​បាញ់រះ​ដែល​បាន​បណ្ដាលឱ្យ​មនុស្ស 3 នាក់​ស្លាប់ និង 3 នាក់​ទៀត​រងរបួស។ ជនសង្ស័យ​វ័យ 69 ឆ្នាំ​រូបនេះ ធ្លាប់​ប្រព្រឹត្ត​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​វាយប្រហារ​លើ​ជន​ចំណាកស្រុក​នៅក្នុង​តង់​បណ្ដោះអាសន្ន​នាពេល​កន្លង។

សមត្ថកិច្ច​បារាំង កំពុង​ស៊ើបអង្កេត​លើ​លទ្ធភាព​ដែលថា ការវាយប្រហារ​របស់​ជនសង្ស័យ​នេះ គឺជា​រឿង​រើសអើង​ជាតិ​សាសន៍។

កាលពី​ឆ្នាំ 2013 សកម្មជន​នយោបាយ​ជនជាតិ​ឃើ​ដ 3 រូប ត្រូវបាន​គេ​បាញ់សម្លាប់​នៅ បារី​ស ក្នុងនោះ​ក៏មាន​សមាជិក​ក្រុម​សហ​ស្ថាបនិក​របស់ បក្ស​ពលករ​ជាតិ​ឃើ​ដ ផងដែរ៕

Advertisement