ក្មេងស្រី​អាយុ​ 5 ឆ្នាំ​ ​ធ្លាក់ចូល​កូន​រណ្ដៅ​ជម្រៅ 10 ម៉ែត្រ នៅវៀតណាម

ក្នុងពេល​លេង​សប្បាយ​នៅក្នុង​ការដ្ឋាន​សំណង់ ក្មេងស្រី​អាយុ 5 ឆ្នាំ​ម្នា​ក់បាន​ធ្លាក់ចូល​ទៅក្នុង​​រណ្ដៅ​​តូច​មួយ និង​ជាប់​ក្នុង​រយៈពេល​រាប់សិប​នាទីមុន​ពេល​អាច​ទាញ​ឡើង​បាន​។

គ្រោះថ្នាក់​នេះ​កើតឡើង​នៅពេល​ក្មេងស្រី​រងគ្រោះ​ដែលមាន​ផ្ទះ​នៅក្បែរ​ការដ្ឋាន​សំណង់ កំពុង​រត់​លេង​ជាមួយ​មិត្តភក្ដិ​ក្នុង​តំបន់​ក្បែរ​គម្រោង​​បុរី​​មួយកន្លែង​នៅ​​ភាគខាងត្បូង​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី 19 ធ្នូ។ ពេល​កំពុង​រត់លេង ក្មេងស្រី​ម្នាក់​នេះ​ក៏​រ​អិ​ល​ជើង​ធ្លាក់ចូល​ទៅក្នុង​រណ្ដៅ​ជ្រៅ​ដែល​ធ្វើ​ដើម្បី​ចាក់​សសរ​បេតុង។

ពេលឮ​សំឡេង​ស្រែក​ឱ្យជួយ សន្តិសុខ និង​កម្មករ​ក៏​រត់​មកមើល ប៉ុន្តែ​មិនបាន​ជួយ​បាន ដោយសារតែ​រណ្ដៅ​មាន​អង្កត់ផ្ចិត​ត្រឹមតែ 30 សម។ ក្មេងស្រី​នេះ​ស្រែកយំ​ជា​មិន​ឈប់​​ដោយ​ភាពភ័យខ្លាច និង​រន្ធត់។

ក្រុម​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ក្នុង​តំបន់​ចំនួន 14 នាក់ រួម​នឹង​ឧបករណ៍​ជួយសង្គ្រោះ មិនយូរប៉ុន្មាន​ក៏បាន​មកដល់​កន្លែងកើតហេតុ។ មាត់​រណ្ដៅ​តូច​ពេក បុគ្គលិក​សង្គ្រោះ​មិនអាច​ចុះទៅ​ជួយ​បាន។ ការពង្រីក​រណ្ដៅ​ក៏ត្រូវ​ចំណាយពេល​ច្រើន ហើយ​ដី​ក៏​អាច​ធ្លាក់​កប់​ជនរងគ្រោះ ដូច្នេះ​ត្រូវ​រក​វិធី​ផ្សេង។

បុគ្គលិក​សង្គ្រោះបាន​ប្រើ​វិធី​ចិត្តសាស្ត្រ​ដើម្បីរ​ម្ងា​ប់​​អារម្មណ៍​ភ័យ​ខ្លាច រួច​ទម្លាក់​ខ្សែ និង​ឧបករណ៍​សង្គ្រោះ​ចូលក្នុង​រណ្ដៅ និង​ណែនាំ​ក្មេងស្រី​នេះ​តាម​លំដាប់លំដោយ​ដើម្បី​ទាញ​ឡើង។ ប្រហែល 20 នាទី​ក្រោយមក ក្មេងស្រី​រងគ្រោះ​ក៏ត្រូវ​បាន​ទាញ​ឡើង​មកលើ​ដោយ​សុវត្ថិភាព និង​បញ្ចូល​ទៅកាន់​មន្ទីរពេទ្យ។ បច្ចុប្បន្ន សុខភាព​របស់​ក្មេងស្រី​នេះ​បានល្អ​ប្រសើរ​វិញ​ហើយ។

យោងតាម​សារព័ត៌មាន VNexpress កាលពី​ឆ្នាំ 2015 ហេតុការណ៍​ប្រហាក់ប្រហែល​នេះ​ក៏បាន​កើតឡើង​នៅ​វៀតណាម។ ក្នុងពេល​រត់​លេង ក្មេងស្រី​អាយុ 7 ឆ្នាំ​ម្នា​ក់បាន​ធ្លាក់ចូល​អណ្ដូង​ជម្រៅ 13 ម៉ែត្រ។ ក្រោយ​ការ​ប្រឹង​ប្រែង​អស់​​រយៈពេល 10 ម៉ោង ​ក្នុង​​ការជីក​អណ្ដូង​​មួយទៀត​នៅក្បែរ​នោះ អាជ្ញាធរ​ក៏​សង្គ្រោះបាន​ជោគជ័យ៕

Advertisement