អែល​សាល់​វ៉ា​ឌ័​រ ពង្រាយ​កម្លាំង 10,000 នាក់ ឡោមព័ទ្ធ​មូលដ្ឋាន​របស់​ក្រុមសង្គមងងឹត

ទាហាន និងប៉ូលិសរបស់ អែលសាល់វ៉ាឌ័រ 10,000 នាក់ត្រូវបានដាក់ពង្រាយតាមចាប់ខ្លួនក្រុមសង្គមងងឹត

រដ្ឋាភិបាល​អែល​សាល់​វ៉ា​ឌ័​រ បញ្ចេញ​ទាហាន និង​ប៉ូលិស 10,000 នាក់ បិទ​ខ្ទប់​ទីរួមស្រុក Soyapango ដើម្បី​តាម​ចាប់ខ្លួន​សមាជិក​ក្រុម​ចាប់ជំរិត​ទារប្រាក់​នៅក្នុង​តំបន់​នេះ។

ប្រធានាធិបតី​របស់ ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ (El Salvador) Nayib Bukele ប្រកាសថា ទីរួមស្រុក Soyapango នៅ​ជាយ​រដ្ឋធានី​សាន់​សាល់​វ៉ា​ឌ័​រ (San Salvador) ត្រូវបាន​បិទ​ខ្ទប់​ទាំងស្រុង​ចាប់ពី​ថ្ងៃទី 03 វិច្ឆិកា។ ទាហាន និង​ប៉ូលិស​ត្រូវបាន​តម្រូវឱ្យ​ត្រួតពិនិត្យ​លិខិតស្នាម​របស់​ប្រជាជន ខណៈដែល​កងកម្លាំង​ពិសេស​តាមរក​ក្រុម​ជនពាល​នៅ​ខាងក្នុង។

នេះ​គឺជា​ការបញ្ចេញ​កម្លាំង​ធំ​បំផុត​នៅក្នុង​យុទ្ធនាការ​របស់​ប្រធានាធិបតី Bukele ដើម្បី​បោសសម្អាត​ក្រុម​ជនពាល​ដែល​ចាប់ជំរិត​ទារប្រាក់​ពី​បណ្ដា​ក្រុមហ៊ុន​នៅក្នុង​តំបន់​ជាយ​រដ្ឋធានី។

ក្រុម​ឧក្រិដ្ឋជន​ដែល​កំពុង​កាន់កាប់​ទីរួមស្រុក Soyapango គឺ Barrio 18 ជា​ក្រុមសង្គមងងឹត​មួយ​ដែល​ប្រើ​អំពើហិង្សា​ច្រើនជាងគេ​នៅ អែល​សាល់​វ៉ា​ឌ័​រ។ អាជ្ញាធរ​អែល​សាល់​វ៉ា​ឌ័​រ កាលពី​ថ្ងៃទី 04 ធ្នូ បានប្រកាសថា ចាប់បាន «ត្រី​ធំ» មួយ​ក្បាល​របស់​ក្រុម Barrio 18 គឺ Guillermo Alexander Pineda ដែល​ត្រូវគេ​សង្ស័យថា​ជា​អ្នក​បានចេញ​បញ្ជា​ឱ្យ​ចាប់ជំរិត​ទារប្រាក់ និង​សម្លាប់​មនុស្ស​នៅ​ពាសពេញ​ប្រទេស។

អែល​សាល់​វ៉ា​ឌ័​រ គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​អត្រា​ឧក្រិដ្ឋកម្ម​ខ្ពស់បំផុត​ក្នុង​ពិភពលោក។ អត្រា​នៃ​អំពើ​សម្លាប់​មនុស្ស​ជា​មធ្យម​នៅ​ប្រទេស​នេះ​គឺ 51 ករណី/ប្រជាជន 100,000 នាក់ នៅក្នុង​មួយថ្ងៃ ក្នុង​ឆ្នាំ 2018 ដែល​ភាគច្រើន​ទាក់ទិន​នឹង​ក្រុមសង្គមងងឹត។

នៅក្នុង​យុទ្ធនាការ​បោសសម្អាត​ឧក្រិដ្ឋកម្ម​ដែល​ប្រកាស​ដោយ​ប្រធានាធិបតី Bukele កាលពី​ខែមីនា អាជ្ញាធរ​អែល​សាល់​វ៉ា​ឌ័​រ បាន​ចាប់ខ្លួន​ជនសង្ស័យ​ជាង 58,000 នាក់៕

ប្រធានាធិបតី របស់ ប្រទេសអែលសាល់វ៉ាឌ័រ (El Salvador) Nayib Bukele
កងកម្លាំង​របស់ អែលសាល់វ៉ាឌ័រ
ទីតាំង​ប្រទេស​អែលសាល់វ៉ាឌ័រ
Advertisement