វៀតណាម ស្នើឱ្យ កោះ​តៃវ៉ាន់ លុបចោល​សមយុទ្ធ​យោធា​នៅ​ប្រជុំ​កោះ Spratly

ក្រសួងការបរទេស​វៀ​ត​ណា​ម អះអាងថា កោះ​តៃវ៉ាន់ រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​អធិបតេយ្យភាព​ទឹកដី​របស់ វៀតណាម នៅពេល​ធ្វើ​សមយុទ្ធ​យោធា​នៅលើ​កោះ Taiping នៃ​ប្រជុំ​កោះ Spratly។

«ការធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​របស់ តៃវ៉ាន់ នៅ​តំបន់​សមុទ្រ​ជុំវិញ​កោះ Ba Binh (Tiping) នៃ​ប្រជុំ​កោះ Truong Sa (Spratly) របស់ វៀតណាម គឺជា​សកម្មភាព​រំលោភ​ធ្ងន់ធ្ងរ​លើ​អធិបតេយ្យភាព​ទឹកដី​របស់ វៀតណាម ចំពោះ​ប្រជុំ​កោះ​នេះ និង​គំរាមកំហែង​សន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខ​ផ្លូវ​សមុទ្រ បង្ក​ភាព​តានតឹង ព្រមទាំង​បង្កើន​ភាពស្មុគស្មាញ​នៅ​សមុទ្រ​ខាងកើត (សមុទ្រ​ចិន​ខាងត្បូង)» អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម Le Thi Thu Hang នា​ថ្ងៃនេះ​បានឱ្យដឹង​ដូច្នេះ។

ការអះអាង​ខាងលើ​ត្រូវ​បានលើកឡើង​បន្ទាប់ពី​មានការ​ស្នើឱ្យ​អធិប្បាយ​អំពី​ព័ត៌មាន​ដែលថា តៃវ៉ាន់ ធ្វើ​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត​នៅ​តំបន់​ជុំវិញ​កោះ Tiping ក្នុង​ប្រជុំ​កោះ Spratly កាលពី​ថ្ងៃទី 29 វិច្ឆិកា 2022។

លោកស្រី Le Thi Thu Hang បញ្ជាក់ថា «វៀតណាម ប្ដេជ្ញា​ប្រឆាំង និង​ស្នើឱ្យ តៃវ៉ាន់ លុបចោល​សកម្ម​ភាពខុស​ច្បាប់​ដូច​និយាយ​ខាងលើ និង​កុំ​ឱ្យមាន​សកម្មភាព​ដូច្នេះ​ទៀត»។

កោះ Tiping គឺជា​កោះ​ធម្មជាតិ​ធំ​បំផុត​ក្នុង​ប្រជុំ​កោះ Spratly នៅ​សមុទ្រ​ចិន​ខាងត្បូង។ តៃវ៉ាន់ ធ្លាប់​ដាក់ពង្រាយ​កង​ម៉ា​រី​ន​នៅលើ​កោះ​នេះ ប៉ុន្តែ​ក្រោយមក​ក៏បាន​ដាក់ជំនួស​ដោយ​ប៉ូលិស​ដែល​បំពាក់អាវុធ មានដូចជា កាំភ្លើងយន្ត កាំភ្លើងត្បាល់​រយៈ​ចម្ងាយ​ឆ្ងាយ​ជាដើម ចាប់ពី​ឆ្នាំ 2000។ តៃវ៉ាន់ និង វៀតណាម សុទ្ធតែ​អះអាង​អំពី​កម្មសិទ្ធិ​របស់​ពួកគេ​នៅ​ប្រជុំ​កោះ Spratly៕

Advertisement