ឥណ្ឌូណេស៊ី បន្ថែម «រថយន្តក្រុង​ពណ៌​​ផ្កា​ឈូក» ដែល​ដឹក​តែ​អ្នកដំណើរ​ភេទ​ស្រី

ក្រុមហ៊ុន​ដឹកជញ្ជូន TransJakarta របស់ ឥណ្ឌូណេស៊ី ទើបតែ​បានប្រកាស​បន្ថែម​រថយន្ត​ក្រុង​ពណ៌​ផ្កា​ឈូក​10 គ្រឿង​ទៀត សម្រាប់​ដឹក​តែ​អ្នកដំណើរ​ជា​ស្ត្រីភេទ។

នេះ​គឺជា​វិធានការ​មួយ​របស់ TransJakarta ដើម្បី​ការពារ​អ្នកដំណើរ​ជា​ស្ត្រីភេទ​នៅ​ចំពោះមុខ​ការកើនឡើង​នៃ​អំពើ​បៀតបៀន​ផ្លូវភេទ​នៅលើ​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ។

បន្ទាប់ពី​ការបន្ថែម​ខាងលើនេះ ហ្សា​ការ​តា នឹងមាន​រថយន្តក្រុង​ពណ៌​ផ្កា​ឈូក​​ចំនួន 20 គ្រឿង ដែល​ធ្វើ​សកម្មភាព​ចាប់ពី​ម៉ោង 5 ព្រឹក ដល់ 21 យប់ ហើយ​ថ្លៃ​ធ្វើដំណើរ​ធម្មតា​គឺ 3,500 រូពី​ឥណ្ឌូណេស៊ី (ជាង 900 រៀល)។

មិន​ត្រឹម​ទទួល​ដឹក​តែ​អ្នកដំណើរ​ជា​ស្ត្រីភេទ​នោះទេ ប៉ុន្តែ រថយន្ត​ពណ៌​ផ្កា​ឈូក​​នេះ​ក៏មាន​អ្នកបើកបរ និង​បុគ្គលិក រៀបចំ​ដំណើរ​សុទ្ធតែជា​នារី​ផងដែរ។

ចំនួន​ករណី​បៀតបៀន​ផ្លូវភេទ​នៅលើ​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​នៅ ហ្សា​ការ​តា ក្នុងឆ្នាំនេះ កើនឡើង​ទ្វេដង ធៀប​នឹង​ឆ្នាំ​កន្លង។ យោងតាម TransJakarta ការដាក់ឱ្យ​ដំណើរការ​រថយន្តក្រុង​ពណ៌​ផ្កា​ឈូក​​នេះ​គឺជា​ការប្រឹងប្រែង​របស់​ក្រុមហ៊ុន ដើម្បី​ការពារ​សុវត្ថិភាព​របស់​ស្ត្រី នៅ​ចំពោះមុខ​អំពើ​បៀតបៀន​ផ្លូវភេទ​នៅលើ​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ៕

Advertisement