យន្តហោះ​បុក​ចំ​បង្គោល​ខ្សែភ្លើង ធ្វើឱ្យ​រដ្ឋធានី​របស់ អាម៉េរិក ដាច់​អគ្គិសនី​ទ្រង់ទ្រាយ​ធំ

យន្តហោះ​ធុន​តូច​ហោះ​ទៅបុក​ចំ​បង្គោល​ខ្សែភ្លើង​នៅក្នុង​រដ្ឋ Maryland បណ្ដាលឱ្យ​ប្រជាជន​ជាង 120,000 គ្រួសារ​នៅ រដ្ឋធានី​វ៉ា​ស៊ី​ង​តោន ត្រូវ​ដាច់​ចរន្តអគ្គិសនី។

យន្តហោះ​ម៉ាស៊ីន​តែមួយ Mooney M20J ហោះ​បុក​ចំ​បង្គោល​ខ្សែភ្លើង​តង់ស្យុង​ខ្ពស់​នៅ​តំបន់ Montgomery ក្នុង​រដ្ឋ Maryland របស់ សហរដ្ឋ​អាម៉េរិក កាលពី​ល្ងាច​ថ្ងៃទី 27 វិច្ឆិកា (ព្រឹក​ថ្ងៃទី 28 វិច្ឆិកា​នៅ កម្ពុជា) នៅក្នុងពេល​អាកាសធាតុ​ចុះ​អ័ព្ទ​ខ្លាំង។

រូបភាព​នៅ​កន្លែងកើតហេតុ​បង្ហាញថា យន្តហោះ​ត្រូវ​ជាប់​នៅ​កណ្ដាល​គ្រោង​សសរ និង​ខ្សែភ្លើង​តង់ស្យុង​ខ្ពស់​ដែលមាន​កម្ពស់​ជាង 30 ម៉ែត្រ។

ក្រុមហ៊ុន​អគ្គិសនី Pepco បានឱ្យដឹងថា អតិថិជន​ប្រមាណ 120,000 នៅក្នុង រដ្ឋធានី​វ៉ា​ស៊ី​ង​តោន ត្រូវ​ដាច់​ចរន្តអគ្គិសនី​ដោយសារតែ​ហេតុការណ៍​គ្រោះថ្នាក់​នេះ។ ផ្លូវ​ជាច្រើន​ត្រូវ​បិទទ្វារ ស្រប​ពេលដែល​ភ្លើង​ចរាចរណ៍​ក្នុង​តំបន់​កើតហេតុ​ត្រូវ​ផ្អាក​ដំណើរការ។

ក្រុមមន្ត្រី​និយាយថា មនុស្ស​ពីរ​នាក់​នៅលើ​យន្តហោះ​នៅមាន​ជីវិត​នៅឡើយ និង​បាន​ជាប់គាំង​ក្នុង​រយៈពេល​យូរ ប៉ុន្តែ​មិនបាន​ឱ្យដឹង​លម្អិត។

អាជ្ញាធរ​គ្រប់គ្រង​អាកាសចរណ៍​អាម៉េរិក (FAA) បានឱ្យដឹងថា យន្តហោះ M20J ចេញដំណើរ​ពី Westchester ក្នុង​រដ្ឋ New York ហើយ​គ្រោង​នឹង​ចុះចត​នៅឯ​ព្រលានយន្តហោះ Montgomery ក្បែរ​កន្លែងកើតហេតុ៕

Advertisement