អគ្គិភ័យបានកើតឡើងនៅឯរោងចក្រមួយក្នុងទីក្រុង Anyang នៃខេត្ត Henan ភាគកណ្ដាលប្រទេសចិន បណ្ដាលឱ្យមនុស្ស 36 នាក់បាត់បង់ជីវិត និង 2 នាក់រងរបួសធ្ងន់។
អគ្គិភ័យផ្ទុះឡើងនៅក្នុងរោងចក្ររបស់ក្រុមហ៊ុន Kaixinda នៅទីតាំងខាងលើកាលពីរសៀលថ្ងៃទី 21 វិច្ឆិកា។ បុគ្គលិកពន្លត់អគ្គិភ័យប្រហែល 240 នាក់ រួមនឹងរថយន្តពន្លត់អគ្គិភ័យ 63 គ្រឿងត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។
អណ្ដាតភ្លើងត្រូវបានគ្រប់គ្រងនៅវេលាម៉ោងប្រហែល 20 និងពន្លត់បានទាំងស្រុកនៅម៉ោង 23 យប់នៃថ្ងៃដដែល។ អគ្គិភ័យនេះបានបណ្ដាលឱ្យមនុស្សយ៉ាងតិច 36 នាក់បាត់បង់ជីវិត និង 2 នាក់រងរបួស ខណៈដែល 2 នាក់ទៀតកំពុងបាត់ខ្លួន។
ប៉ូលិសបានឱ្យដឹងថា បានរកឃើញជនសង្ស័យក្នុងហេតុការណ៍អគ្គិភ័យនេះ ប៉ុន្តែមិនទាន់បង្ហើបឱ្យដឹងព័ត៌មានលម្អិតស្ដីពីដើមហេតុ ក៏ដូចជាអត្តសញ្ញាណរបស់ជនសង្ស័យទាំងនោះនៅឡើយ៕