យន្តហោះ​ចម្បាំង F-16 របស់ ប៉ូឡូញ អមដំណើរ​យន្តហោះ​ដឹក​កីឡាករ​ទៅ​ចូលរួម World Cup 2022

អាជ្ញាធរ​ប៉ូឡូញ បញ្ជូន​យន្តហោះ​ចម្បាំង F-16 អមដំណើរ​យន្តហោះ​ដឹក​ក្រុមបាល់ទាត់​ប្រទេស​នេះ​ចេញ​ផុតពី​ដែនអាកាស​ដើម្បី​ទៅ​ចូលរួម World Cup 2022 នៅ ប្រទេស​កាតា។

គណនី Twitter របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប៉ូឡូញ កាលពី​ថ្ងៃទី 17 វិច្ឆិកា បាន​បង្ហោះ​វីដេអូ​បង្ហាញថា យន្តហោះ​ចម្បាំង F-16 ចំនួន 2 គ្រឿង ហោះ​ក្បែរ​យន្តហោះ​ស៊ីវិល អម​ជាមួយនឹង​ឃ្លា​ដែល​សរសេរថា «សាធារណរដ្ឋ​ប៉ូឡូញ»។

«យើង​ត្រូវបាន​អមដំណើរ​ដោយ​យន្តហោះ​ចម្បាំង F-16 ទៅកាន់​ព្រំដែន​ភាគខាងត្បូង​ប្រទេស​ប៉ូឡូញ! សូម​អរគុណ និង​ផ្ញើ​ការគោរព​ជំរាបសួរ​ដល់​ក្រុម​អ្នកបើកបរ» សារ​របស់​ក្រុមបាល់ទាត់​សរសេរ​ដូច្នេះ។

រូបថត​នានា​ដែល​ក្រុម​ជម្រើសជាតិ​ប៉ូឡូញ បាន​បង្ហោះ បង្ហាញថា អ្នកបើកបរ F-16 ម្នាក់​បង្ហាញ​បដា​ដែលមាន​ឈ្មោះ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប៉ូឡូញ នៅក្នុង​កាប៊ីន​យន្តហោះ។ «នៅពេល​អ្នកជា​អ្នកបើកបរ​យន្តហោះ ប៉ុន្តែ​ក៏​ជា​អ្នកគាំទ្រ​ក្រុម​ជម្រើសជាតិ​ប៉ូឡូញ» នៅលើ​រូបថត​មាន​សរសេរ​ដូច្នេះ។

សារព័ត៌មាន​ប៉ូឡូញ ឱ្យដឹងថា យន្តហោះ​ចម្បាំង​ទាំងនេះ​អមដំណើរ​ក្រុមបាល់ទាត់​រហូតដល់​យ​ន្ត​ហោះ​ស៊ីវិល​នេះ ហោះ​ចេញ​ផុតពី​ដែនអាកាស​ប៉ូឡូញ។ ក្រុម​ជម្រើសជាតិ​នេះ ក្រោយមក​បាន​ទៅដល់ រដ្ឋធានី​ដូ​ហា របស់ កាតា ដោយ​សុវត្ថិភាព។

ឥរិយាបថ​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ករណី​ធ្លា​ក់មី​ស៊ី​ល​លើ​ភូមិ​មួយ​នៅក្បែរ​ព្រំដែន​ជាមួយ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី 15 វិច្ឆិកា បណ្ដាលឱ្យ​មនុស្ស 2 នាក់​បាត់​បង់ជីវិត៕

Advertisement