ប៉ូឡូញ ត្រៀមទ័ព​ប្រយុទ្ធប្រឆាំង រុស្ស៊ី ក្រោយ​មាន​រ៉ុក្កែត​ច្រើន​គ្រាប់​ធ្លាក់​លើទឹក​ដី

ប៉ូលិស​ប៉ូឡូញ​នៅ​កន្លែង​កើត​ហេតុ​នៃ​ករណី​ផ្ទុះ​ក្បែរ​ព្រំដែន​កាល​ពី​ថ្ងៃទី 15 វិច្ឆិកា 2022

ទីក្រុង​វ៉ា​សូវី (Warsaw) បានដាក់​អង្គភាព​ទ័ព​មួយចំនួន​ឱ្យ​ស្ថិតក្នុង​ស្ថានភាព​រួចរាល់​កម្រិត​ខ្ពស់​សម្រាប់​ការប្រយុទ្ធ បន្ទាប់ពី​មាន​ព័ត៌មាន​មិនទាន់​ច្បាស់​ការណ៍​ថា រ៉ុក្កែត​របស់ រុស្ស៊ី បាន​ធ្លាក់​ទៅលើ​ទឹកដី​របស់ ប្រទេស​ប៉ូឡូញ។

អ្នកនាំពាក្យ Piotr Muller បានឱ្យដឹងថា ការសម្រេចចិត្ត​ដាក់​អង្គភាព​ទ័ព​មួយចំនួន​ឱ្យ​ស្ថិតក្នុង​ស្ថានភាព​ត្រៀមប្រយុទ្ធ​កម្រិត​ខ្ពស់​ត្រូវបាន​ធ្វើឡើង។ ក៏ប៉ុន្តែ លោក Piotr មិនបាន​លើកឡើង​អំពី​ព័ត៌មាន​ស្ដីពី​ករណី​រ៉ុក្កែត​ធ្លាក់ ដោយនិយាយ​ដល់​តែ​ករណី​ផ្ទុះ​នៅ​ភាគ​ខាងកើត​ដែល​បាន​បណ្ដាលឱ្យ ពលរដ្ឋ​ប៉ូឡូញ 2 នាក់​បាត់​បង់ជីវិត។

យោងតាម​អ្នកនាំពាក្យ Piotr Muller ក្រុមប្រឹក្សាសន្តិសុខ​ប៉ូឡូញ បាន​កោះប្រជុំ​បន្ទាន់ ខណៈ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការផ្ទុះ​ខាងលើ។

ប្រធានាធិបតី​ប៉ូឡូញ Andrzej Duda ក៏បាន​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ ប្រធានាធិបតី​អាម៉េរិក បៃ​ដិ​ន និង អគ្គលេខាធិការ​នៃ​អង្គការ​ណា​តូ Jens Stoltenberg អំពី​ករណីនេះ​ផងដែរ។ ទីក្រុង​វ៉ា​សូវី កំពុង​ពិចារណា​ថា តើ​ត្រូវការ​ពិភាក្សា​បន្ទាន់​ជាមួយ​ក្រុម​មេដឹកនាំ​ណា​តូ ទៅតាម​មាត្រា​ទី 4 របស់​សម្ព័ន្ធ​យោធា​នេះ ឬ​អត់។

យោងតាម​មាត្រា​ទី 4 របស់ ណា​តូ ការពិគ្រោះ​យោបល់​អាច​ត្រូវបាន​ធ្វើឡើង​នៅពេល​ប្រទេស​ជា​សមាជិក​ណាមួយ យល់ថា «បូរណភាព​ទឹកដី ឯករាជ្យ​ផ្នែក​នយោបាយ ឬ​សន្តិសុខ» ជួប​ហានិភ័យ។

សារព័ត៌មាន Reuters បាន​ផ្សាយ​ថា អ្នកការទូត​អឺរ៉ុប បង្ហើប​ឱ្យដឹងថា ឯកអគ្គរដ្ឋទូត​ណា​តូ នឹង​កោះប្រជុំ​ក្នុង​ថ្ងៃទី 16 វិច្ឆិកា​នេះ ទៅតាម​សំណើ​របស់ ប៉ូឡូញ ដោយយោង​ទៅតាម​មាត្រា​ទី 4 របស់ ណា​តូ។ អ្នកការទូត​ម្នាក់​និយាយថា ណា​តូ នឹងធ្វើ​សកម្មភាព​ដោយ​ការប្រុងប្រយ័ត្ន និង​ត្រូវការ​ពេល​ដើម្បី​បញ្ជាក់​អំពី​ហេតុការណ៍។

ក្នុង​ថ្ងៃ​ដដែល រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី បានប្រកាស​អះអាងថា មិន​ជាប់ទាក់ទង​ទៅនឹង​ហេតុការណ៍​ផ្ទុះ​នៅ ប៉ូឡូញ ហើយ​បាន​ចោទ​បណ្ដាញសារព័ត៌មាន និង​ក្រុមមន្ត្រី​ប៉ូឡូញ ថា កំពុង​រក​វិធី​ដើម្បី​បង្កើន​ភាព​តានតឹង៕

Advertisement