Skip to content

អ៊ុយក្រែន ប្រកាស​ថា បាន​បាញ់​ទម្លាក់​មីស៊ីល​ និង​ UAV រាប់​សិប​គ្រឿង​របស់​សត្រូវ​

មន្ត្រី​អ៊ុយក្រែន បាន​ឱ្យ​ដឹង​ថា ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​របស់​ប្រទេស​នេះ បាន​កម្ទេច​មីស៊ីល និង​យន្តហោះ​គ្មាន​មនុស្ស​បើក​ ៣៣ គ្រឿង​ នៅ​ក្នុង​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​របស់​ រុស្ស៊ី កាល​ពី​ម្សិល​មិញ​។

នាយករដ្ឋមន្ត្រី​អ៊ុយក្រែន Denys Shmyhal ថ្លែង​ថា រុស្ស៊ី កាល​ពី​ថ្ងៃទី ១១ តុលា បាន​បន្ត​វាយប្រហារ​តាម​អាកាស​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​ទីតាំង​ថាមពល​របស់​ អ៊ុយក្រែន ក្នុងនោះ មីស៊ីល ៣៣ គ្រាប់​បាន​គេច​ផុត​ពី​សំណាញ់​ការ​ពារ​ដែន​អាកាស​ និង​ធ្លាក់​ចំគោលដៅ​។

បញ្ជាការដ្ឋាន​ទ័ព​អាកាស​អ៊ុយក្រែន ឱ្យ​ដឹង​ថា ក្រៅ​ពី​អាវុធ​ខាងលើ​ មីស៊ីល​បំពាក់​បច្ចេកវិទ្យា​នាំ​ផ្លូវ​ ២០ គ្រាប់ និង​យន្តហោះអត្តឃាត​​គ្មាន​មនុស្ស​បើក​ (UAV) ១៣ គ្រឿង​របស់​ រុស្ស៊ី​ ត្រូវ​បាន​បាញ់​ទម្លាក់​។

ស្ថាប័ន​ខាងលើ​របស់ អ៊ុយក្រែន បន្ថែម​ថា រុស្ស៊ី បាន​ប្រើប្រាស់​មីស៊ីល​បំពាក់​បច្ចេកវិទ្យា​នាំ​ផ្លូវ​ច្រើន​ប្រភេទ​ ក្នុង​នោះ​មាន​ទាំង​មីស៊ីល Kh-101 និង Kh-555 បាញ់​ពី​យន្តហោះ​ ក៏ដូចជា​មីស៊ីល​ Kalibr បាញ់​ពី​នាវា​ចម្បាំង​។ កម្លាំង​របស់ រុស្ស៊ី ក៏​ត្រូវ​បាន​ចោទ​ថា ប្រើប្រាស់​យន្តហោះ​អត្តឃាត​គ្មាន​មនុស្ស​បើក​ Shahed-136 របស់ អ៊ីរ៉ង់ ផងដែរ​។

មីស៊ីល និង UAV ៦៦ គ្រឿង​ដែល​ រុស្ស៊ី បាន​ប្រើប្រាស់​កាល​ពី​ថ្ងៃទី ១១ តុលា គឺ​មាន​ចំនួន​តិច​ជាង ធៀប​នឹង​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​នៅ​ពាស​ពេញ​ទឹក​ដី​របស់ អ៊ុយក្រែន កាល​ពី​មុន​នោះ​មួយ​ថ្ងៃ​ ដែល​មាន​មីស៊ីល​ប្រហែល ៨៤ គ្រាប់​ត្រូវ​បាន​ រុស្ស៊ី បាញ់​ប្លោង​។

ទីភ្នាក់​ងារ​ចារកិច្ច​អង់គ្លេស (GCHQ) បាន​វាយ​តម្លៃ​ថា រុស្ស៊ី កំពុង​តែ​អស់​គ្រាប់​រំសេវ​ជា​បណ្ដើរ​ៗ​ ហើយ​យុទ្ធនាការ​យោធា​នៅ អ៊ុយក្រែន ក៏​កាន់​តែធ្លាក់​ទៅ​ក្នុង​ភាព​​ «អស់សង្ឃឹម» បន្តិច​ម្ដងៗ សម្រាប់​ រុស្ស៊ី។ ក៏ប៉ុន្តែ GCHQ មិន​បាន​លើក​ឡើង​អំពី​ភ័ស្ដុតាង​ណា​មួយ​សម្រាប់​គាំទ្រ​ដល់​ការ​អះអាង​របស់​ពួក​គេ​៕

Leave a Reply

Your email address will not be published. Required fields are marked *