ចិន​ដីគោក និង ​ចិន​តៃវ៉ាន់ បញ្ចេញប្រតិកម្ម​ចំពោះ​​​សំណើ​របស់​​មហា​សេដ្ឋី​អាម៉េរិក ទាក់​ទិន​នឹង​ដំណោះ​ស្រាយ​សន្តិ​ភាព​សម្រាប់​ កោះតៃវ៉ាន់

លោក អ៊ីឡុន ម៉ាស

ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​សហរដ្ឋ​អាម៉េរិក បាន​អរគុណ​ចំពោះ​លោក អ៊ីឡុន ម៉ាស ព្រោះតែ​បាន​លើក​សំណើ​ដោះ​ស្រាយ​បញ្ហា​តាន​តឹង​រវាង​ ចិនដីគោក និង​ ចិន​តៃវ៉ាន់ ខណៈ​ដែល​ ទីក្រុង​តៃប៉ិ ធ្វើការ​រិះគន់មហា​សេដ្ឋី​រូប​នេះ។

«ខ្ញុំ​ចង់​អរគុណ​លោក អ៊ីឡុន ម៉ាស ចំពោះ​ការ​អំពាវ​នាវ​រក​សន្តិភាព​នៅ​ច្រកសមុទ្រ​តៃវ៉ាន់ និង​​គំនិត​របស់​គាត់​ស្ដីពី​ការ​បង្កើត​គោលការណ៍​តំបន់​រដ្ឋបាល​ពិសេស​សម្រាប់​កោះ​» ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​សហរដ្ឋ​អាម៉េរិក Qin Gang សរសេរ​លើ​ Twitter កាល​ពិ​ថ្ងៃទី ០៨ តុលា​។

លោក Qin Gang លើក​ឡើង​ដូច្នេះ​បន្ទាប់​ពី​មហា​សេដ្ឋីអាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង លោក អ៊ីឡុន ម៉ាស (Elon Musk) កាលពី​ថ្ងៃទី ០៧ តុលា យល់​ថា ភាព​តានតឹង​រវាង​ ចិនដីគោក និង​ ចិន​តៃវ៉ាន់ អាច​ត្រូវ​បាន​ដោះ​ស្រាយ​ បើសិន​ តៃវ៉ាន់ ប្រគល់​អំណាច​មួយ​ចំនួន​ឱ្យ​ ទីក្រុងប៉េកាំង​។ យោង​តាម​លោក ម៉ាស ដំណោះ​ស្រាយ​នេះ​ពិត​ជា​អាច​ទៅ​រួច​ ហើយ​ភាគី​ទាំង​ពីរ​អាច​មាន​កិច្ច​ព្រម​ព្រៀង​ «ទន់ភ្លន់» ជាង ធៀប​នឹង​ ហុងកុង​។

«ឯកភាព​សន្តិភាព និង “ប្រទេស​មួយ​របបពីរ” គឺជា​គោលការណ៍​មូលដ្ឋាន​របស់​យើង​នៅក្នុង​បញ្ហា​តៃវ៉ាន់ ជា​វិធី​ដោះស្រាយ​ល្អបំផុត​ដើម្បី​អនុវត្ត​ឯកភាព​សន្តិភាព​» លោក Qin Gang​ បន្ថែមដូច្នេះ​​។ «ឱ្យ​តែ​ផលប្រយោជន៍​ស្ដីពីសន្តិសុខ អធិប្បតេយ្យ​ និង​ការ​រីក​ចម្រើន​របស់​ ប្រទេស​ចិន​ ត្រូវ​បាន​ធានា ក្រោយ​ពី​ការ​បង្រួបបង្រួម​ឡើង​វិញ តៃវ៉ាន់ នឹង​មាន​ទទួល​បាន​ស្វ័យភាព​ខ្ពស់ និង​បរិយាកាស​ធំទូលាយ​សម្រាប់​ការ​រីក​ច្រើន​»។

Hsiao Bi-Khim តំណាង​របស់ កោះតៃវ៉ាន់ នៅ សហរដ្ឋ​អាម៉េរិក បាន​រិះគន់​លោក​ ម៉ាស ដោយ​យល់​ថា «សេរីភាព និង​ប្រជាធិបតេយ្យ​របស់​កោះនេះ​ មិន​មែន​សម្រាប់​លក់​ឡើយ»។

«រាល់​សំណើ​ដែល​មាន​លក្ខណៈ​យូរអង្វែង​សម្រាប់​អនាគត​របស់​យើង គឺ​ត្រូវ​តែ​​សម្រេច​ដោយ​សន្តិភាព​ មិន​ត្រូវ​បង្ខិត​បង្ខំ ហើយ​គោរព​ចំពោះ​បំណង​ប្រាថ្នា​លើ​ប្រជាធិបតេយ្យ​របស់​ប្រជាជនតៃវ៉ាន់» លោក​ស្រី Hsiao បញ្ជាក់​។

អាជ្ញាធរ​ចិន​ដីគោក តែង​ចាត់​ទុក​ កោះតៃវ៉ាន់ ជាខេត្ត​មួយ​របស់​ខ្លួន​ដែល​រង់ចាំ​តែ​ការ​បង្រួប​បង្រួម​ប៉ុណ្ណោះ​ ហើយ​ប្រកាស​ថា នឹង​ប្រើ​កម្លាំង​បាយ​បើ​សិនជា​ចាំបាច់​។ ប្រទេស​ចិន​ ធ្លាប់​លើក​សំណើ​រូបមន្ត «ប្រទេស​មួយ របបពីរ» ដូចទៅ​នឹង​ ហុងកុង ប៉ុន្តែ​ត្រូវ​បាន​ អាជ្ញាធរ​តៃវ៉ាន់ បដិសេធ​ និង​ទទួល​បាន​ការ​គាំទ្រ​តិចតួច​ ពិសេស​គឺ​នៅ​ក្រោយ​ពេល​ ទីក្រុង​ប៉េកាំង បាន​ប្រើប្រាស់ច្បាប់​សន្តិសុខ​ជាតិ​ទៅលើ ហុងកុង កាល​ពី​ឆ្នាំ​ ២០២០​។

លោក អ៊ីឡុន ម៉ាស មុន​នោះ​ក៏​ធ្លាប់​បាន​លើក​ឡើង​ដំណោះ​ស្រាយ​សម្រាប់​ការ​បញ្ចប់​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយក្រែន ផងដែរ​ ដោយ​លោកបាន​ស្នើ​ឱ្យ​ ទីក្រុង​កៀវ ធ្វើ​សម្បទាន​​ ឧបទ្វីប​​គ្រីមៀ (Crimea) ទៅ​ឱ្យ​ ទីក្រុង​មូស្គូ និង​ធ្វើ​ប្រជាមតិ​ឡើង​វិញ​ក្រោម​​ការ​គ្រប់គ្រង​របស់​ អង្គការ​សហប្រជាជាតិ​ ចំពោះ​ ៤ ខេត្ត​របស់ អ៊ុយក្រែន ដែល​ទើប​ត្រូវ​បាន​ រុស្ស៊ី រឹប​អូស​ ហើយ​ អ៊ុយក្រែន ត្រូវតែ​រក្សា​អព្យាក្រឹត​ភាព​ផ្នែក​នយោបាយ​ការ​បរទេស​​។ សំណើ​នេះ​របស់លោក ម៉ាស បាន​រង​ការ​រិះ​គន់​យ៉ាង​ធ្ងន់​ធ្ងរ​។

លោក អ៊ីឡុន ម៉ាស (Elon Musk) បច្ចុប្បន្ន​គឺជា​មហា​សេដ្ឋី​លំដាប់​លេខ ១ ​ក្នុងពិភពលោក ដោយ​មាន​ទ្រព្យ​ជាង ២២០ ពាន់​លាន​ដុល្លារ​អាម៉េរិក នេះ​បើ​តាម​តារាង​ចំណាត់​ថ្នាក់​មហា​សេដ្ឋីរបស់​ទស្សនាវដ្ដី​ពាណិជ្ជកម្ម Forbes៕

Advertisement