កាលពីថ្ងៃទី ០៦ តុលា សហភាពអឺរ៉ុប (EU) បានប្រកាសជាផ្លូវការនូវកញ្ចប់ទណ្ឌកម្មថ្មីបំផុតសម្រាប់ រុស្ស៊ី ក្នុងគ្រាដែល មូស្គូ ទើបតែបានបង្ហើយកិច្ចការរឹបអូសទឹកដី ៤ ខេត្តរបស់ អ៊ុយក្រែន ដែលរួមមាន Donetsk, Kherson, Lugansk និង Zaporizhzhia។
យោងតាម Reuters នៅក្នុងកញ្ចប់ទណ្ឌកម្មថ្មី EU ប្រកាសរឹតបន្តឹងវិធានការទណ្ឌកម្មដែលត្រូវបានអនុវត្តចាប់ពីខែមេសា ចំពោះសេវាកម្មប្រាក់ឌីជីថលនៅ រុស្ស៊ី។ EU នឹងហាមរាល់កាបូបលុយអេឡិចត្រូនិច គណនី ឬសេវាកម្មដែលទាក់ទងនឹងទ្រព្យជាប្រាក់ឌីជីថល ដោយមិនកំណត់បរិមាណកាបូបលុយរបស់ រុស្ស៊ី។
ក្រោយពីបណ្ដាសេវាកម្មទូទាត់ប្រាក់ ដូចជា Visa និង Mastercard ជាដើម បានចាកចេញពី រុស្ស៊ី កាលពីដើមឆ្នាំនេះ ក៏ដូចជាធនាគារមួយចំនួនរបស់ប្រទេសនេះត្រូវបានដកចេញពីប្រព័ន្ធហិរញ្ញវត្ថុសកល SWIFT គេឃើញថា ប្រភេទប្រាក់ឌីជីថលដូចជា Stablecoin (USDT) ជាដើម បានក្លាយជាវិធីសាស្ត្រមួយដែលមានប្រសិទ្ធភាពបំផុតក្នុងការជួយឱ្យ ជនជាតិរុស្ស៊ី ផ្ទេរប្រាក់ចេញទៅបរទេស។
EU ក៏បានដាក់ការកំណត់លើតម្លៃពិតានចំពោះផលិតផលប្រេងឆៅរបស់ រុស្ស៊ី ដែលត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសទីបីតាមផ្លូវទឹក។ សហភាពអឺរ៉ុប ក៏ពង្រីកការហាមនាំចូលទំនិញរបស់ រុស្ស៊ី មួយចំនួន រួមមាន ទាំងផលិតផលដែកថែប និងផ្អាកការនាំចេញសេវាកម្មព័ត៌មានវិទ្យា បច្ចេកវិទ្យា រួមនឹងសេវាកម្មផ្នែកច្បាប់ទៅឱ្យស្ថាប័នទាំងឡាយរបស់ រុស្ស៊ី។
ទន្ទឹមនឹងនេះ កញ្ចប់ទណ្ឌកម្មថ្មីក៏សំដៅលើបុគ្គលជាច្រើនរូប និងស្ថាប័នមួយចំនួនរបស់ រុស្ស៊ី។ ពលរដ្ឋ និងស្ថាប័នរដ្ឋចំនួន ៣៧ របស់ រុស្ស៊ី ក្នុងនោះមានទាំង ក្រសួងការពារជាតិ ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅ។ EU ថែមទាំងបានហាមពលរដ្ឋរបស់ខ្លួនដែលកាន់តំណែងនៅក្នុងក្រុមប្រឹក្សាភិបាលរបស់អង្គការ ស្ថាប័នរដ្ឋមួយចំនួនរបស់ រុស្ស៊ី។ ពិសេសជាងនេះ EU ក៏ប្រកាសថានឹងដាក់ទណ្ឌកម្មលើតំបន់ទាំងឡាយដែលត្រូវបាន រុស្ស៊ី រឹបអូសផងដែរ៕