អ៊ុយ​ក្រែ​ន ទទួលស្គាល់ថា ទាហាន​ជិត ៩,០០០ នាក់ បាន​ពលី​ជីវិតក្នុង​សង្គ្រាម​ជាមួយ​ រុស្ស៊ី

អគ្គមេបញ្ជាការ​នៃ កងទ័ព​អ៊ុយ​ក្រែ​ន ថ្លែងថា ទាហាន​ជិត ៩,០០០ នាក់របស់​ប្រទេស​នេះ បាន​បាត់​បង់ជីវិត​នៅក្នុង​សង្គ្រាម​ជាមួយ រុស្ស៊ី ប៉ុន្តែ មិនបាន​និយាយ​លម្អិត។

«កុមារ​ទាំងឡាយ​​មិនទាន់​យល់​នូវ​អ្វីដែល​កំពុង​កើតឡើង និង​ត្រូវ​ការការ​ការ​ពារ ព្រោះថា ឪពុក​របស់​ពួកគេ​បាន​ចេញទៅ​សមរភូមិ​មុខ និង​អាច​ស្ថិតក្នុង​ចំណោម​វិ​រ​បុរស​ជិត ៩,០០០ នាក់​ដែល​បាន​ពលី​ជីវិត» អគ្គមេបញ្ជាការ​កងទ័ព​អ៊ុយ​ក្រែ​ន លោក Valeriy Zaluzhnyy ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​គោរព​វិ​ញ្ញា​ណក្ខ​ន្ធ​អតីតយុទ្ធជន និង​​គោរព​ដល់​គ្រួសារ​របស់​ពួកគេ​នៅ រដ្ឋធានី​កៀវ កាលពី​ថ្ងៃទី ២២ សីហា។

មន្ត្រី​ខាងលើ​មិនបាន​ឱ្យដឹង​ច្បាស់​ថា តួលេខ​នៃ​ទាហាន​ពលីជីវិត​​ខាងលើ គឺជា​ចំនួន​សរុប ឬ​គ្រាន់តែ​សំដៅលើ​ទាហាន​ជួរមុខ ឬ​យ៉ាង​ណា​នោះ​ទេ។ ក្នុង​ព្រឹត្តិការណ៍​ដដែល​នោះ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី ក៏បាន​ប្រកាសថា បច្ចុប្បន្ន នៅក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ និង​ស្ថាប័ន​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​ មាន​កម្លាំង​ប្រមាណ ១ លាន​នាក់​កំពុង​ចូលរួម​ការពារ​ទឹកដី។

ក្រសួងការពារជាតិ​រុស្ស៊ី មិនទាន់មាន​ការអធិប្បាយ​អ្វី​ទៅនឹង​ព័ត៌មាន​ខាងលើ​នៅឡើយ។ កងទ័ព​រុស្ស៊ី តែងតែ​ប្រកាស​អំពី​តួលេខ​អ្នកស្លាប់​របស់​សត្រូវ បន្ទាប់ពី​បាន​បើក​ការវាយប្រហារម្ដងៗ ប៉ុន្តែ​មិនទាន់បាន​បញ្ចេញ​តួលេខ​សរុប​ស្ដីពី ​ទាហាន​អ៊ុយ​ក្រែ​ន ដែល​បាន​បាត់បង់​ជីវិត និង​រងរបួស​ក្នុងអំឡុង ៦ ខែ​នៃ​សង្គ្រាម​នេះ។

Advertisement