អ្នកបើកបរ​យន្តហោះ​ពូកែ​បំផុត​នៅ អ៊ុយ​ក្រែ​ន បាត់បង់​ជីវិត​ពេល​ប្រយុទ្ធ​ជាមួយ​សត្រូវ

ប្រធានាធិបតី​អ៊ុយក្រែន ផ្ដល់​​មេដាយ​ជូន​អ្នក​បើកបរ​យន្តហោះ Anton Lystopad

ទីភ្នាក់ងារសារព័ត៌មាន Ukrinform របស់ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ១៥ សីហា បាន​ចុះផ្សាយ​ថា អ្នកបើកបរ​យន្តហោះ Anton Lystopad អាយុ ៣១ ឆ្នាំ ដែល​ត្រូវបាន​វាយតម្លៃថា​ជា​អ្នកបើកបរ​យន្តហោះ​ម្នាក់​ដែល​ពួ​កែ​ជាងគេ​នៅ អ៊ុយ​ក្រែ​ន បានទទួល​មរណភាព​ក្នុងពេល​ប្រយុទ្ធ​មួយ​ជាមួយ កងទ័ព​រុស្ស៊ី។

នៅលើ​ទំព័រ Facebook សាលា​រូបវិទ្យា-វិស្វកម្ម Ivano Frankivsk ជាទី​ដែល Anton បានបញ្ចប់​ការសិក្សា បានឱ្យដឹងថា «ឆ្នាំ ២០១៩ Anton ត្រូវបាន​ទទួលស្គាល់ថា​ជា​អ្នកបើកបរ​យន្តហោះ​ពូកែ​ជាងគេ​របស់ ទ័ពអាកាស​អ៊ុយ​ក្រែ​ន ហើយ​ក្រោយមក​ក៏បាន​ចូលរួម​ធ្វើ​សកម្មភាព​យោធា​នៅ​ភាគ​ខាងកើត»។

ប្រកាស​របស់​សាលា​ខាងលើ​ក៏បាន​បញ្ជាក់ថា «អ្នកបើកបរ​យន្តហោះ Anton Lystopad បានការ​ពារ ទឹកដី​អ៊ុយ​ក្រែ​ន នៅ​ចំពោះមុខ​ការវាយប្រហារ​ទូទៅ​របស់ រុស្ស៊ី នៅក្នុង​គ្រា​ដំបូងបង្អស់»។

យោងតាម Ukrinform លោក Anton Lystopad បាន​សិក្សា​នៅ​សាកលវិទ្យាល័យ​ជាតិ​ទ័ពអាកាស Ivan Kozhedub តាំងពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៨ និង​ក្លាយជា​អ្នកបើកបរ​ប្រយុទ្ធ​ដែលមាន​ឋាន​នន្តរ​សក្ដិ​ខ្ពស់បំផុត។

ប៉ុន្មាន​ថ្ងៃ​មុនពេល​ទទួលមរណភាព លោក Lystopad ត្រូវបាន​ប្រធានាធិបតី​របស់ អ៊ុយ​ក្រែ​ន ផ្ដល់​មេដាយ​ក្លាហាន​ថ្នាក់​ទី ៣ ព្រោះតែ​បង្កើតបាន​ស្នាដៃ​ជាច្រើន​នៅក្នុង​ការប្រយុទ្ធ​ដើម្បី​ការពារ​ទឹកដី។

ក្រសួងការពារជាតិ​រុស្ស៊ី បានឱ្យដឹងថា យន្តហោះ​ចម្បាំង និង​កម្លាំង​ការពារ​ដែនអាកាស​រប​ស់​ប្រទេស​នេះ បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ជាង ២៦០ គ្រឿង​របស់ អ៊ុយ​ក្រែ​ន រាប់​ចាប់តាំងពី​សង្គ្រាម​បាន​ផ្ទុះឡើង៕

អ្នកបើកបរ​យន្តហោះ Anton Lystopad (ស្ដាំ)
អ្នកបើកបរ​យន្តហោះ Anton Lystopad
Advertisement