Skip to content

ទាហាន​រុស្ស៊ី ប្រហែល ៨០,០០០ នាក់ បាន​ស្លាប់ និង​រងរបួស ក្នុង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

ក្រសួងការពារជាតិ​អាម៉េរិក កាលពី​ថ្ងៃទី ០៨ សីហា បាន​ប៉ាន់ប្រមាណ​ឃើញថា ទាហាន​រុស្ស៊ី ប្រហែល ៨០,០០០ នាក់ បាន​ស្លាប់ និង​របួស​ក្នុង​សង្គ្រាម​ដែល​អូសបន្លាយ​ពេល​ជិត ៦ ខែ​កន្លង​នៅ អ៊ុយ​ក្រែ​ន។

នេះ​គឺជា​លើកដំបូង​ហើយ​ដែល កងទ័ព​អាម៉េរិក លើកឡើង​នូវ​ការប៉ាន់ស្មាន​ស្ដីពី​ចំនួន​ទាហាន​របស់ រុស្ស៊ី ដែល​បាន​រងរបួស និង​ស្លាប់​នៅ អ៊ុយ​ក្រែ​ន។

ថ្លែង​នៅ​ចំពោះមុខ​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃទី ០៨ សីហា អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាម៉េរិក Colin Kahl បានឱ្យដឹងថា យោងតាម​ការប៉ាន់ស្មាន​របស់ សហរដ្ឋ​អាម៉េរិក ទាហាន​រុស្ស៊ី ចន្លោះ​ពី ៧០,០០០ ទៅ ៨០,០០០ នាក់ បាន​ស្លាប់ និង​រងរបួស​នៅ អ៊ុយ​ក្រែ​ន។ បណ្ដា​ប្រទេស​លោកខាងលិច ជឿថា រុស្ស៊ី បាន​បញ្ជូនទាហាន​ប្រហែល ១៥០,០០០ នាក់ ទៅកាន់​តំបន់​ក្បែរ​ព្រំដែន​ជាមួយ អ៊ុយ​ក្រែ​ន មុនពេល​បើក​យុទ្ធនាការ​យោធា​ពិសេស​កាលពី​ថ្ងៃទី ២៤ កុម្ភៈ។

យោងតាម លោក Colin Kahl បើទោះជា​បាន​រង​ការខាតបង់​ធ្ងន់ធ្ងរ​ដូច្នេះ ប៉ុន្តែ រុស្ស៊ី នៅតែ​មិនអាច​សម្រេចបាន​គោលដៅ​ដែល​បានដាក់​ចេញ​ក្នុង​គ្រា​ដំបូង នោះ​គឺ​ការប្ដូរ​ផ្លាស់​រដ្ឋាភិបាល​ទីក្រុង​កៀវ និង​ការ​ប្រែក្លាយ អ៊ុយ​ក្រែ​ន ទៅជា​ប្រទេស​លែងមាន​ឯករាជ្យភាព និង​បូរណភាព​ទឹកដី។

កាលពី​ខែ​មុន ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាម៉េរិក William Burns ក៏​ធ្លាប់បាន​លើកឡើងថា សហរដ្ឋ​អាម៉េរិក ប៉ាន់ប្រមាណ​ឃើញថា ទាហាន​រុស្ស៊ី ១៥,០០០ នាក់​បាន​ស្លាប់ និង​ប្រហែល ៤៥,០០០ នាក់​ផ្សេង​ទឿ​បាន​រងរបួស ក្នុង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

ការប៉ាន់ស្មាន​របស់ ក្រសួងការពារជាតិ​អាម៉េរិក ត្រូវ​បានប្រកាស​ដំណាលគ្នា​នឹង​ការ​ផ្ដល់ជំនួយ​ផ្នែក​យោធា​តម្លៃ ១ ពាន់​លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន។

Leave a Reply

Your email address will not be published. Required fields are marked *