សហរដ្ឋអាម៉េរិក ធ្វើការវាយប្រហារតាមអាកាសនៅ អាហ្វហ្គានីស្ថាន កាលពីចុងសប្ដាហ៍កន្លង តាមបទបញ្ជារបស់លោក ចូ បៃដិន និងបានអះអាងថា បានកម្ចាត់មេដឹកនាំ al-Zawahiri នៃ អង្គការភេរវកម្ម al-Qaeda។
«តាមបទបញ្ជារបស់ខ្ញុំ កងកម្លាំងសហរដ្ឋអាម៉េរិក បានបើកការវាយប្រហារតាមអាកាសដោយជោគជ័យនៅ រដ្ឋធានីកាប៊ុល របស់ អាហ្វហ្គានីស្ថាន កាលពីថ្ងៃទី ៣១ កក្កដា និងបានកម្ចាត់មេដឹកនាំ al-Qaeda ឈ្មោះ Ayman al-Zawahiri» ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក បៃដិន បានឱ្យដឹងកាលពីថ្ងៃទី ០១ សីហា។
មន្ត្រីជាន់ខ្ពស់របស់ រដ្ឋាភិបាលអាម៉េរិក មុននោះបាននិយាយថា យុទ្ធនាការវាយប្រហារពីអាកាសនេះ ត្រូវបានធ្វើឡើងដោយ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាម៉េរិក (CIA) និងមិនបានបង្កការស្លាប់ ឬរបួសដល់ជនស៊ីវិល។
បច្ចុប្បន្ន មិនទាន់ដឹងច្បាស់ថា សហរដ្ឋអាម៉េរិក ប្រើប្រាស់វិធីណាដើម្បីបញ្ជាក់អំពីការស្លាប់របស់ al-Zawahiri ខណៈដែល កងទ័ពអាម៉េរិក អវត្តមាននៅ អាហ្វហ្គានីស្ថាន អស់រយៈពេល ១ ឆ្នាំមកហើយ។
នេះគឺជាការវាយប្រហារតាមអាកាសលើកទីមួយរបស់ អាម៉េរិក នៅ អាហ្វហ្គានីស្ថាន រាប់ចាប់តាំងពីបានដកទ័ពចេញពីប្រទេសនេះ កាលពីខែសីហា ២០២១។
អ្នកនាំពាក្យរបស់ តាលីបង់ Zabihullah Mujahid បញ្ជាក់ថា មានករណីវាយប្រហារតាមអាកាសមួយបានកើតឡើងនៅ រដ្ឋធានីកាប៊ុល កាលពីថ្ងៃទី ៣១ កក្កដា និងបានហៅវាថាជាសកម្មភាពរំលោភគោលការណ៍អន្តរជាតិ។
Al-Zawahiri ត្រូវបានគេជឿថា គឺជាមនុស្សម្នាក់ក្នុងចំណោមមេគំនិតនៅក្នុងការវាយប្រហារលើនាវាចម្បាំង USS Cole នៅលម្ហសមុទ្រ យេម៉ែន កាលពីថ្ងៃទី ១២ តុលា ២០០០ បណ្ដាលឱ្យនាវិកអាម៉េរិក ១៧ នាក់បាត់បង់ជីវិត និងជាង ៣០ នាក់រងរបួស ហើយក៏ជាមនុស្សម្នាក់ដែលពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនៅ ស្ថានទូតអាម៉េរិក ប្រចាំ កេនយ៉ា និង តង់សានី កាលពីឆ្នាំ ១៩៩៨ សម្លាប់មនុស្សអស់ ២២៤ នាក់ និងជាង ៥,០០០ នាក់រងរបួស។
Al-Zawahiri បានក្លាយជាមេដឹកនាំ al-Qaeda ក្រោយពី កម្លាំងពិសេសនៃ កងទ័ពជើងទឹកអាម៉េរិក បានកម្ចាត់ Osama bin Laden កាលពីឆ្នាំ ២០១១៕