លោក ចូ បៃដិន បានចែករំលែងរូបថតលោកកំពុងអង្គុយធ្វើការ និងបង្ហោះវីដេអូអះអាងថា លោកមានសុខភាពល្អ បន្ទាប់ពីទទួលបានលទ្ធផលតេស្តវិជ្ជមាននឹងវីរុសកូវីដ-១៩។
រូបថតដែលត្រូវបាន ប្រធានាធិបតីអាម៉េរិក ចូ បៃដិន បង្ហោះលើបណ្ដាញសង្គមកាលពីប៉ុន្មានម៉ោងមុននេះបង្ហាញថា លោកកំពុងញញឹមនៅពេលអង្គុយធ្វើការក្នុងការិយាល័យរបស់លោក នៅ សេតវិមាន។
«គ្រប់គ្នា ខ្ញុំមានសុខភាពល្អទេ។ អរគុណដែលបានបារម្ភ។ ខ្ញុំបានហៅទៅកាន់តំណាងរាស្ត្រសភាជាន់ខ្ពស់ Bob Casey, តំណាងរាស្ត្រសភាជាន់ទាប Matt Cartwright និង អភិបាលក្រុង Paige Cognetti (នៅទីក្រុង Scranton រដ្ឋ Pennsylvania) ដើម្បីសម្ដែងការសោកស្ដាយដោយសារខកខានមិនបានចូលរួមព្រឹត្តិការណ៍នៅថ្ងៃនេះរបស់យើង។ តោះ ធ្វើការបន្តទៀត» លោក បៃដិន បង្ហោះសារអមជាមួយរូបថតរបស់លោក។
នៅលើទំព័រ Twitter លោក បៃដិន វ័យ ៧៩ ឆ្នាំ ក៏បានបង្ហោះវីដេអូមួយដែលបង្ហាញថា លោកកំពុងស្ថិតនៅលើជ្រុងមួយនៃរានហាលរបស់ អគារសេតវិមាន និងបានឱ្យដឹងអំពីស្ថានភាពសុខភាពរបស់លោក។
«សួស្ដីគ្រប់គ្នា ខ្ញុំសន្និដ្ឋានថា ព្រឹកនេះគ្រប់គ្នាបានដឹងរួចហើយថា ខ្ញុំទទួលបានលទ្ធផលតេស្តវិជ្ជមាននឹង nCoV (កូវីដ-១៩) ប៉ុន្តែ ខ្ញុំបានចាក់វ៉ាក់សាំង ៤ ដូសរួចហើយ» លោក បៃដិន និយាយបណ្ដើរ ញញឹមបណ្ដើម។ លោកបន្តថា «ខ្ញុំពិតជាមានសុខភាពល្អ និងបានសម្រេចកិច្ចការជាច្រើន។ គ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញមិនខាន»។
មុននោះ Jean-Pierre ដែលជាលេខាផ្នែកសារព័ត៌មានរបស់ លោក បៃដិន បានឱ្យដឹងថា លោក បៃដិន បានចាប់ផ្ដើមប្រើប្រាស់ Paxlovid ដែលជាថ្នាំប្រឆាំងវីរុស អាចជួយកាត់បន្ថយហានិភ័យចូលពេទ្យ សម្រាប់អ្នកជំងឺកូវីដ-១៩។
…