ក្រសួងពាណិជ្ជកម្ម របស់ កម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំព្រួយបារម្ភរឿងអង្ករឡើងថ្លៃ ដោយសារមានក្រុមហ៊ុននៅក្នុងស្រុកអាចផ្គត់ផ្គង់តាមតម្រូវការបានគ្រប់គ្រាន់ អាចជួយរក្សាតម្លៃនៅលើទីផ្សារឱ្យនៅថេរ។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំកន្លងមក របស់ក្រសួងពាណិជ្ជកម្ម» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី ២១ កក្កដា ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា តម្លៃអង្ករ និងគ្រឿងឧបភោគបរិភោគមួយចំនួន គឺគ្មានការឡើងថ្លៃឡើយ ដោយសារតែ កម្ពុជា មានការបម្រុងទុកស្រូវអង្ករសម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ លោកបន្តថា ជាងនេះ កម្ពុជា ក៏សល់ស្រូវអង្ករដែលអាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ។
«វិស័យឯកជនក៏អាចនឹងរួមចំណែកជាមួយ នឹងក្រសួង នៅក្នុងការប្រឹងប្រែងកាត់បន្ថយថ្លៃដែលធ្វើឱ្យថ្លៃលក់នោះអាចស្ថិតនៅក្នុងលំដាប់មួយ ឬក៏កម្រិតមួយដែលទទួលយកបាន ទាំងអ្នកផលិតទាំងអ្នកប្រើប្រាស់» ឯកឧត្តម ប៉ែន សុវិជាតិ បញ្ជាក់បន្ថែម។
ប្រសាសន៍របស់ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ត្រូវបានលើកឡើងនៅក្នុងគ្រាដែលទំនិញច្រើនមុខនៅក្នុងទីផ្សារបាន និងកំពុងឡើងថ្លៃជាបន្តបន្ទាប់ ពិសេសគឺទំនិញដែលចាំបាច់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ធ្វើឱ្យប្រជាពលរដ្ឋទូទៅមានការព្រួយបារម្ភខ្លាំង។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ អង្គការសហប្រជាជាតិ (UN) បានព្រមានអំពីបញ្ហាផ្គត់ផ្គង់ស្បៀងអាហារជាបន្តបន្ទាប់។ លោក David Beasley នាយកប្រតិបត្តិនៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់ UN បានព្រមានថា នៅក្នុងរង្វង់ពី ៦ ទៅ ១២ ខែទៀត ពិភពលោកនឹងជួបការលំបាកខ្លាំងដោយសារតែតម្លៃស្បៀងអាហារកើនឡើងខ្ពស់ ដែលដើមហេតុបណ្ដាលមកពីវិបត្តិសង្គ្រាមនៅ អ៊ុយក្រែន។ លោក David Beasley បន្តថា ក្រោយមកទៀត បើសិនវិបត្តិធំៗក្នុងពិភពលោកនាបច្ចុប្បន្នមិនត្រូវបានដោះស្រាយ នោះពិភពលោកអាចធ្លាក់ទៅក្នុងស្ថានភាពខ្វះស្បៀងអាហារពិតប្រាកដ៕