រ៉ុក្កែតរបស់ក្រុមហ៊ុន Relativity Space នឹងនាំយកស្ថានីយចុះចតរបស់ Impulse Space ឡើងទៅកាន់ពិភពក្រហមនៅឆ្នាំ ២០២៤ បើសិនជាគ្រប់យ៉ាងដំណើរការរលូន។
ក្រុមហ៊ុនធុរកិច្ចថ្មីចំនួន ២ របស់ សហរដ្ឋអាម៉េរិក នៅ California គឺក្រុមហ៊ុន Relativity Space និងក្រុមហ៊ុន Impulse Space កាលពីថ្ងៃទី ១៩ កក្កដា បានប្រកាសថា កំពុងសហការគ្នាដើម្បីបំពេញបេសកកម្មពាណិជ្ជកម្មដំបូងទៅកាន់ផ្កាយព្រះអង្គារនៅឆ្នាំ ២០២៤ លឿនជាងច្រើនឆ្នាំធៀងនឹងគម្រោងហោះហើរដំបូងរបស់ SpaceX។
Newsweek បានឱ្យដឹងថា Relativity Space នឹងប្រើប្រាស់ Terran R ដែលជារ៉ុក្កែតបោះពុម្ភ 3D អាចប្រើបានច្រើនដង ខណៈដែល Impulse Space ទទួលបន្ទុកអភិវឌ្ឍយានអវកាសដើម្បីហោះទៅកាន់ពិភពព្រះអង្គារ និងស្ថានីយចុះចត សម្រាប់ដំឡើងឧបករណ៍នានានៅលើដីរបស់ពិភពនេះ។
ដោយឡែក ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីអាម៉េរិកដើមកំណើតអាហ្វ្រិកខាងត្បូង លោក Elon Musk វិញ មានគម្រោងហោះហើរលក្ខណៈពាណិជ្ជកម្មដំបូងរបស់ខ្លួនទៅកាន់ពិភពអង្គារនៅចុងទសវត្សរ៍នេះ នេះបើតាមអ្នកស្រី Gwynne Shotwell ដែលជាប្រធាន និងជានាយិកាប្រតិបត្តិរបស់ក្រុមហ៊ុន។
SpaceX មិនទាន់ប្រកាសអំពីពេលវេលាជាក់លាក់ក្នុងការហោះហើរទៅកាន់ភពព្រះអង្គារ ប៉ុន្តែ បើសិន Relativity Space និង Impulse Space អាចអនុវត្តគម្រោងបានដោយជោគជ័យ នោះពួកគេនឹងក្លាយជាក្រុមហ៊ុនពាណិជ្ជកម្មដំបូងដែលបានហោះទៅកាន់ពិភពក្រហមនេះ៕