កាលពីថ្ងៃទី ១៧ កក្កដា រដ្ឋមន្ត្រីក្រសួងការពារជាតិសែប៊ី (Serbia) បានឱ្យដឹងថា ករណីធ្លាក់យន្តហោះមួយគ្រឿងនៅភាគខាងជើងនៃ ប្រទេសក្រិក បានបណ្ដាលឱ្យ ក្រុមហោះហើរជនជាតិអ៊ុយក្រែន ៨ នាក់ ត្រូវបាត់បង់ជីវិត។ ក្រុមអ្នកជំនាញកំពុងស្រាវជ្រាវរកមូលហេតុនៃគ្រោះថ្នាក់នេះ។
ក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រីការពារជាតិរបស់ សែប៊ី លោក Nebojsa Stefanovic បានថ្លែងថា ក្រុមហោះហើរទាំង ៨ នាក់ បានស្លាប់ បន្ទាប់ពីយន្តហោះធ្លាក់លើតំបន់ភាគខាងជើងនៃ ប្រទេសក្រិក ដែលមានចម្ងាយពីព្រលានយន្តហោះអន្តរជាតិ Kavala ប្រហែល ៤០ គីឡូម៉ែត្រ។
យន្តហោះ Antonov AN-12 ដែលហោះឡើងពីព្រលានយន្តហោះ Nis នៅ ភាគខាងត្បូងប្រទេសសែប៊ី នៅវេលាម៉ោងប្រហែល ២០ និង ៤០ នាទី ថ្ងៃទី ១៦ កក្កដា មានដឹកគ្រាប់រំសេវជាង ១១ តោន ដែលផលិតដោយ សែប៊ី ហើយគ្រោងនឹងចុះចតនៅក្នុង រដ្ឋធានីអាម៉ាន់ របស់ ប្រទេសហ្សកដានី។
ប៉ុន្មាននាទីមុនពេលធ្លាក់ ក្រុមអ្នកបើកបរយន្តហោះបានប្រាប់បុគ្គលិកគ្រប់គ្រងអាកាសអាកាសចរណ៍ថា ម៉ាស៊ីន ១ គ្រឿងរបស់យន្តហោះនេះមានបញ្ហា និងត្រូវចុះចតជាបន្ទាន់ ប៉ុន្តែ មិនបានជោគជ័យ។
យន្តហោះនេះគ្រប់គ្រងដោយក្រុមហ៊ុនដឹកជញ្ជូន Meridian របស់ អ៊ុយក្រែន។ ស្ថានកុងស៊ុលអ៊ុយក្រែន ប្រចាំទីក្រុង Thessaloniki របស់ ក្រិក បានទៅដល់កន្លែងកើតហេតុ និងបានបញ្ជាក់អំពីអត្តសញ្ញាណជនរងគ្រោះ។