Skip to content

អតីត​មេបញ្ជាការ​កងទ័ព​ណាតូ ជំរុញ​ឱ្យ​ អ៊ុយក្រែន បាញ់​កម្ទេច​ស្ពានគ្រីមៀរបស់​ រុស្ស៊ី ដែល​វែង​ជាង​គេ​នៅ អឺរ៉ុប

ឧត្តមសេនីយ៍ Philip Breedlove ដែល​ធ្លាប់​ជា​អគ្គមេបញ្ជាការ​កងទ័ព​ណាតូ ប្រចាំ អឺរ៉ុប ពី​ឆ្នាំ​ ២០១៣ ដល់ ២០១៦ បាន​ជំរុញ​ឱ្យ​ អ៊ុយក្រែន បាញ់​កម្ទេច​​ស្ពានគ្រីមៀ (Crimea) ឬ​ហៅ​ថា ស្ពាន Kerch និង​បាន​ហៅ​វា​ថា​ជា​ «គោល​ដៅ​ស្រប​ច្បាប់»។

«ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​ទេ​នៅ​ពេល​ រុស្ស៊ី បារម្ភ​អំពីស្ពាន Kerch។ វា​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ពួកគេ» អតីត​មេបញ្ជាការ​របស់​ណាតូ ឱ្យ​ដឹង​ដូច្នេះ​ និង​បាន​អះអា​ងថា «បច្ចុប្បន្ន លោក​ខាងលិច​បាន​ផ្ដល់មីស៊ីល Harpoon ​ឱ្យ អ៊ុយក្រែន​ (អាច​បាញ់​បាន​ចម្ងាយ​ជាង​ ៣០០ គីឡូម៉ែត្រ) ដូច្នេះ​ ខ្ញុំ​គិត​ថា រុស្ស៊ី មាន​មូលហេតុ​ដើម្បី​បារម្ភ​អំពី​ការ​ដែល​ អ៊ុយក្រែន​ វាយ​កម្ទេច​ស្ពាន​នេះ»។

លោក Philip យល់​ថា «ខ្ញុំ​បាន​ឮមនុស្ស​ជា​ច្រើន​ដាក់​សំនួរ​ថា តើ​ អ៊ុយក្រែន មាន​សិទ្ធិ​ធ្វើសកម្មភាព​បង្ក​ហេតុ​ដូច្នេះ​ ឬអត់ ហើយ​តើ​លោក​ខាងលិច​គាំទ្រ​ការ​សម្រេច​ចិត្ត​នេះ​ ឬ​ទេ​ ប៉ុន្តែ ខ្ញុំ​មិន​យល់​សោះ​អំពី​ការ​អះអាង​នោះ​។ រុស្ស៊ី បាន​វាយប្រហារ​មិន​ត្រឹម​តែ​ពី​ក្នុង​ទឹក​ដី​របស់ អ៊ុយក្រែន នោះទេ តែ​ថែមទាំង​វាយ​ប្រហារ​ពី​ ទឹកដី​រុស្ស៊ី បេឡារូស គ្រីមៀ និង​ សមុទ្រ​ខ្មៅ ទៀត​ផង»។

ក្រុមមន្ត្រី​នៅ គ្រីមៀ និង រុស្ស៊ី បាន​ព្រមាន​ជា​ច្រើនលើក​ចំពោះ​​សកម្មភាព​បង្ក​ហេតុ​ដែល​សំដៅ​លើ​ស្ពាន​នៅ គ្រីមៀ ដោយ​យល់​ថា ការ​កម្ទេច​ស្ពាន​នេះ​ មិនខុស​អ្វី​ទៅ​នឹង​អំពើ​ភេរវកម្ម។ វិមាន​ក្រឹមឡាំង បាន​អះអាង​ថា រាល់​វិធានការ​ចាំបាច់​នឹង​ត្រូវ​បាន​អនុវត្ត​ដើម្បី​ការ​ពារ​ស្ពាន​។

ស្ពាន Kerch ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ខែ​ឧសភា ២០១៨ ហើយ​បាន​ក្លាយជា​សំណង់​ដែលសំខាន់​ចំពោះ​ការ​តភ្ជាប់​ ឧបទ្វីប​គ្រីមៀ ជាមួយ​នឹង​ទឹក​ដី​របស់ រុស្ស៊ី៕​

Leave a Reply

Your email address will not be published. Required fields are marked *