ទូរទស្សន៍ជប៉ុន NHK បានផ្សាយថា អតីតនាយករដ្ឋមន្ត្រី Shinzo Abe ទទួលមរណភាពហើយ នៅវេលាម៉ោង ១៧ និង ០៣ នាទី ថ្ងៃទី ៨ កក្កដា (ម៉ោងក្នុងស្រុក) បន្ទាប់ពីការប្រឹងប្រែងជួយសង្គ្រោះនៅក្នុងមន្ទីរពេទ្យ នេះបើតាមមន្ត្រីនៅមន្ទីរពេទ្យ។
«ក្រុមមន្ត្រីបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចនៅ ជប៉ុន ថ្ងៃនេះ បានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រី Shinzo Abe បានទទួលមរណភាពក្នុងវ័យ ៦៧ ឆ្នាំ នៅមន្ទីរពេទ្យក្នុងទីក្រុង Kashihara ខេត្ត Nara ជាទីដែលលោកកំពុងទទួលការព្យាបាល» ក្រោយពីត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ នេះបើតាមទូរទស្សន៍ជប៉ុន NHK ផ្សាយនាថ្ងៃនេះ។
នេះគឺជាករណីធ្វើឃាតដំបូងលើអតីតនាយករដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រីកំពុងកាន់អំណាចរបស់ ជប៉ុន រាប់ចាប់ពីសម័យយោធានិយមកាលពីទសវត្សរ៍ឆ្នាំ ១៩៣០។
អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានបុរសជាជនសង្ស័យម្នាក់បាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងកែច្នៃកាលពីព្រឹកថ្ងៃទី ៨ កក្កដានេះ នៅពេលលោកកំពុងថ្លែងសុន្ទរកសំឡេងឆ្នោតជូនសមាជិកបក្សប្រជាធិបតេយ្យសេរី (LDP) នៅចំពោះមុខប្រជាពលរដ្ឋជាច្រើនសិបនាក់។
យោងតាមប្រភពព័ត៌មានពី តួក្យូ នៅថ្ងៃទី ៨ កក្កដានេះ Tetsuya Yamagami ដែលជាជនសង្ស័យក្នុងករណីឃាតកម្មលើ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន បានសារភាពថា ខ្លួនជាមេគំនិត។
ទូរទស្សន៍ NHK ដកស្រង់ប្រភពព័ត៌មានពីប៉ូលិស បានឱ្យដឹងថា ជនសង្ស័យបានសារភាពថា ខ្លួនមិនពេញចិត្តនឹង អតីតនាយករដ្ឋមន្ត្រី Abe និងមានបំណងធ្វើឃាតអ្នកនយោបាយនេះ។ សមត្ថកិច្ចប្រមូលបានកាំភ្លើងមួយដើមនៅកន្លែងកើតហេតុ ដែលហាក់ជាកាំភ្លើងកែច្នៃដោយខ្លួនឯង។
NHK ឱ្យដឹងថា ជនសង្ស័យធ្លាប់បម្រើការនៅក្នុងជួរកងទ័ពជប៉ុន ក្នុងរយៈពេល ៣ ឆ្នាំ ហើយបច្ចុប្បន្នរស់នៅក្នុងទីក្រុង Nara។