Skip to content

រុស្ស៊ី ដកទ័ព​ចេញពី​កោះ​នៅ​ជួរមុខ​របស់ អ៊ុយ​ក្រែ​ន ក្នុង​សមុទ្រ​ខ្មៅ

កងកម្លាំង​រុស្ស៊ី ប្រកាសថា «បានសម្រេច​ភារកិច្ច» និង​ដកទ័ព​ចេញពី​កោះ Zmiinyi នៅ​លម្ហ​សមុទ្រ​ខ្មៅ ជា​កាយវិការ​សុច្ឆន្ទៈ ដើម្បីឱ្យ អ៊ុយ​ក្រែ​ន នាំចេញ​កសិផល។

«ជា​កាយវិការ​សុច្ឆន្ទៈ​មួយ កងកម្លាំងប្រដាប់អាវុធ​របស់ រុស្ស៊ី នា​ថ្ងៃទី ៣០ មិថុនា បានសម្រេច​ភារកិច្ច​នៅលើ​កោះ Zmiinyi និង​ដក​អង្គភាព​ចេញពី​ទីនេះ» ក្រសួងការពារជាតិ​រុស្ស៊ី ប្រកាស​នា​ថ្ងៃនេះ​ដូច្នេះ។ «ប្រការនេះ​បង្ហាញ​ឱ្យ​សហគមន៍​អន្តរជាតិ​ឃើញថា រុស្ស៊ី មិន​រារាំង​ការប្រឹងប្រែង​របស់ អង្គការសហប្រជាជាតិ​ក្នុង​កម្ម​ភាព​មនុស្សធម៌ សម្រាប់​ការនាំចេញ​កសិផល​ពី​ទឹកដី​របស់ អ៊ុយ​ក្រែ​ន»។

ក៏ប៉ុន្តែ ភាគី​ខាង​ទីក្រុង​កៀវ វិញ បាន​អះអាងថា មូលហេតុ​ដែល កងទ័ព​រុស្ស៊ី ដកថយ​ពី​កោះ​ខាងលើ គឺ​ដោយសារ​ត្រូវ​រង​ការវាយប្រហារ​ពី​កងកម្លាំង​របស់ អ៊ុយ​ក្រែ​ន។

កោះ Zmiinyi ឬ​ហៅថា កោះ​ពស់ មាន​ទំហំ​ផ្ទៃដី​ប្រហែល ១៧ ហិកតា ស្ថិតនៅលើ​សមុទ្រ​ខ្មៅ (Black Sea) និង​មាន​ចម្ងាយ​ពី​កំពង់ផែ Odessa របស់ អ៊ុយ​ក្រែ​ន ប្រហែល ៣៥ គីឡូម៉ែត្រ។ មុនពេល​មាន​សង្គ្រាម កងកម្លាំង​ការពារ​ព្រំដែន​របស់ អ៊ុយ​ក្រែ​ន ប្រហែល ១០០ នាក់ ឈរជើង​ការពារ​នៅទីនេះ។ នៅក្នុង​ដំណាក់កាល​ដំបូង​នៃ​សង្គ្រាម រុស្ស៊ី បាន​ចូល​កាន់កាប់ និង​បាន​ចាប់ខ្លួន​ទាហាន​របស់ អ៊ុយ​ក្រែ​ន នៅលើ​កោះ​នេះ។

ផែនទី​នៃ​កោះពស់ ឬ​កោះ Zmiinyi របស់ អ៊ុយក្រែន

ក្រសួងការពារជាតិ​រុស្ស៊ី បានប្រកាសថា «កងកម្លាំងប្រដាប់អាវុធ​របស់ រុស្ស៊ី នឹង​បន្ត​យុទ្ធនាការ​យោធា​ពិសេស​នៅ អ៊ុយ​ក្រែ​ន»។

បើទោះជា​ហាក់​មិនមាន​ធនធានធម្មជាតិ ក៏ដូចជា​មូលដ្ឋានទ័ព​អចិន្ត្រៃយ៍ ប៉ុន្តែ​កោះ Zmiinyi ដើរតួនាទី​សំខាន់​ក្នុងការ​គ្រប់គ្រង​បណ្ដា​កប៉ាល់​ដឹកទំនិញ​នៅលើ​សមុទ្រ​ខ្មៅ ក្នុងនោះ​មាន​ទាំង​ផ្លូវទឹក​ចេញចូល​កំពង់ផែ Odessa ផងដែរ។ ដូច្នេះហើយ កោះ Zmiinyi គឺជា​គោលដៅ​ដែល​ភាគី​ខាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន ប្ដេជ្ញា​ដណ្ដើមយក​មកកាន់​កាប់៕

Leave a Reply

Your email address will not be published. Required fields are marked *