ណា​តូ នឹង​សម្រេចចិត្ត​ឆាប់រហ័ស​បំផុត​ចំពោះ ស៊ុយអែត និង ហ្វាំ​ង​ឡង់ ទាក់ទិន​នឹង​រឿង​សុំចូល​ជា​សមាជិក

អគ្គលេខាធិការនៃ អង្គការណាតូ Jens Stoltenberg

អគ្គលេខាធិការ​នៃ អង្គការ​ណា​តូ Jens Stoltenberg ឱ្យដឹងថា លោក​សង្ឃឹមថា ដំណើរការ​នៃ​អនុម័ត​លើ​ឋានៈ​ជា​បេក្ខភាព​របស់ ហ្វាំ​ង​ឡង់ និង ស៊ុយអែត នឹងត្រូវ​បានធ្វើ​ឡើង​យ៉ាង​រហ័ស​បំផុត។

«យើង​នឹងធ្វើ​ការសម្រេចចិត្ត​នៅក្នុង​សន្និសីទ​កំពូល ស្ដីពី ការអញ្ជើញ ប្រទេស​ហ្វាំ​ង​ឡង់ និង ស៊ុយអែត ឱ្យធ្វើជា​បេក្ខភាព។ នោះ​គឺជា​ការសម្រេចចិត្ត​ឆាប់រហ័ស​មិន​ធ្លាប់មាន​ពីមុនមក» លោក Jens Stoltenberg អះអាង​ប្រាប់​អ្នកយកព័ត៌មាន​ដូច្នេះ​នៅក្នុង​ថ្ងៃទី​ពីរ​នៃ​កិច្ចប្រជុំ​កំពូល​ណា​តូ នៅ Madrid ប្រទេស​អេ​ស្ប៉ា​ញ។

ប្រទេស​ហ្វាំ​ង​ឡង់ និង ស៊ុយអែត បានដាក់​ពាក្យ​សុំចូល​ជា​សមាជិក​របស់ ណា​តូ កាលពី​ពាក់កណ្ដាល​ខែឧសភា ឆ្នាំ ២០២២។

Reuters ដកស្រង់​សម្ដី​របស់លោក Jens ឱ្យដឹងថា «ក្រោយពី​លើកឡើង​នូវ​ការអញ្ជើញ យើង​ត្រូវការ​ដំណើរការ​អនុម័ត​នៅក្នុង​សភា​ទាំង ៣។ ដំណាក់កាល​នេះ​នឹងត្រូវ​ចំណាយពេល​យូរ ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា នឹង​កើតឡើង​យ៉ាង​ឆាប់រហ័ស ព្រោះថា ប្រទេស​ជា​សមាជិក​ទាំងអស់​បាន​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ជួយ​ឱ្យ​ដំណើរ​ការអនុម័ត​នេះ​កើតឡើង​បាន​ឆាប់រហ័ស​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន»។

«យើង​បានប្រកាស​យ៉ាងច្បាស់​ហើយ​ថា រុស្ស៊ី បង្ក​ការគំរាមកំហែង​ផ្ទាល់​ដល់​សន្តិសុខ​របស់​យើង» អគ្គលេខាធិការ​របស់ ណា​តូ បញ្ជាក់​ដូច្នេះ។

មុន​នោះ ក្រោយ​មាន​ភាព​តានតឹង និង​ទាល់ច្រក​អស់​ជាច្រើន​សប្ដាហ៍ កិច្ចចរចា​រវាង ហ្វាំ​ង​ឡង់ ស៊ុយអែត ជាមួយនឹង តួ​ក​គី ក៏បាន​បញ្ចប់​កាលពី​ព្រលប់​ថ្ងៃទី ២៨ មិថុនា បន្ទាប់ពី​ភាគី​នានា​បាន​ដោះស្រាយ​បញ្ហា​ខ្វែងគំនិត​គ្នា និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយគ្នា។ តាម​កិច្ចព្រមព្រៀង​នេះ តួ​ក​គី នឹងមិន​ជំទាស់​ការចូល​ជា​សមាជិក​ណា​តូ របស់ ហ្វាំ​ង​ឡង់ និង ស៊ុយអែត ប៉ុន្តែ ប្រទេស​ទាំងពីរ​នេះ​ត្រូវតែ​ធ្វើ​សម្បទាន​មួយចំនួន​ទាក់ទិន​នឹង​បញ្ហា​សន្តិសុខ និង​ផ្លូវច្បាប់​សម្រាប់ តួ​ក​គី៕

Advertisement