(ស៊ូដង់)-កប៉ាល់មួយគ្រឿងដែលដឹកសត្វចៀម ១៥,៨០០ ក្បាល នៅកំពង់ផែ Suakin លើសមុទ្រក្រហម បានលិច បណ្ដាលឱ្យសត្វចៀមភាគច្រើនត្រូវលង់ទឹកងាប់ ប៉ុន្តែ សំណាងល្អ ក្រុមនាវិកបានរួចពីការស្លាប់។
មន្ត្រីជាន់ខ្ពស់សុំមិនបញ្ចេញឈ្មោះរបស់ កំពង់ផែ Suakin បានឱ្យដឹងថា កប៉ាល់ Badr ១ បានលិចនៅវេលាទៀបភ្លឺនៃថ្ងៃទី ១២ មិថុនា ពេលកំពុងដឹកសត្វចៀមពី ស៊ូដង់ ទៅកាន់ អារ៉ាប៊ីសាអូឌីត។
«កប៉ាល់ដឹកសត្វចៀម ១៥,៨០០ ក្បាល… លើសចំណុះ» មន្ត្រីខាងលើនិយាយដូច្នេះ និងបញ្ជាក់ថា ចំណុះអតិបរមាគឺ ចៀម ៩,០០០ ក្បាល។
មន្ត្រីមួយរូបផ្សេងទៀត បានឱ្យដឹងថា សមាជិកក្រុមនាវិកទាំងអស់បានរួចពីការស្លាប់ ប៉ុន្តែ បានសម្ដែងការព្រួយបារម្ភអំពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច បរិស្ថានដែលកើតឡើងដោយសារគ្រោះថ្នាក់នេះ។
តម្លៃរបស់សត្វចៀមដែលបានងាប់ទាំងនេះ «ប្រហែល ១៤ លានរីយ៉ាល (riyal) ស្មើនឹង ៤ លានដុល្លារអាម៉េរិក» នេះបើតាម Saleh Selim ប្រធានគណៈកម្មការសត្វចតុប្បាទ នៃ សមាគមនីហរ័ណរបស់ ស៊ូដង់។ លោក Saleh បន្តថា ម្ចាស់សត្វទាំងនេះសង្គ្រោះសត្វចៀមបានតែប្រហែល ៧០០ ក្បាលប៉ុណ្ណោះ «ប៉ុន្តែ ពួកវាខ្សោយកម្លាំងខ្លាំងណាស់ ប្រហែលជាមិនអាច់រស់ទេ»។
កាលពីខែកន្លង ហេតុការណ៍អគ្គិភ័យធំមួយបានកើតឡើងនៅក្នុងតំបន់ផ្ទុកទំនិញនៃកំពង់ផែ Suakin បង្កឱ្យមានការខាតបង់យ៉ាងធំធេង។ បច្ចុប្បន្ន គេមិនទាន់ដឹងច្បាស់អំពីមូលហេតុនៃករណីអគ្គិភ័យនេះ ដោយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។