ទ័ពជើងទឹករបស់ សហរដ្ឋអាម៉េរិក ប្រកាសផ្អាកបេសកកម្មហោះហើរមិនចាំបាច់ដើម្បីត្រួតពិនិត្យ បន្ទាប់ពីយន្តហោះ ៣ គ្រឿងបានធ្លាក់ជាបន្តបន្ទាប់ បណ្ដាលឱ្យទាហាន ៦ នាក់បាត់បង់ជីវិត ក្នុងអំឡុងពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ។
«គ្រោះថ្នាក់នានាដែលទាក់ទងនឹងយន្តហោះរបស់ទ័ពជើងទឹក និងកងម៉ារីន នាពេលថ្មីៗនេះ ធ្វើឱ្យបញ្ជាការដ្ឋានទ័ពអាកាសនៃកងទ័ពជើងទឹក ត្រូវប្រកាសផ្អាកសកម្មភាពហោះហើរនៅគ្រប់អង្គភាពក្នុងថ្ងៃទី ១៣ មិថុនា។ ប្រការនេះអនុញ្ញាតឱ្យមានការត្រួតពិនិត្យវាយតម្លៃហានិភ័យ ក៏ដូចជាបង្កើនការហ្វឹកហាត់ក្នុងការបង្ការកំហុសឆ្គង» ទ័ពជើងទឹកអាម៉េរិក បានប្រកាសដូច្នេះកាលពីថ្ងៃទី ១១ មិថុនា។
ការសម្រេចរបស់ ទ័ពជើងទឹកអាម៉េរិក ខាងលើ ត្រូវបានធ្វើឡើងបន្ទាប់ពីករណីមានគ្រោះថ្នាក់ធ្លាក់យន្តហោះចំនួន ៣ លើក នៅក្នុងអំឡុងពេលតែមួយសប្ដាហ៍។
កាលពីថ្ងៃទី ៣ មិថុនា អ្នកបើកបរយន្តហោះម្នាក់ បានស្លាប់នៅក្នុងករណីធ្លាក់យន្តហោះចម្បាំងពហុមុខងារ F/A-១៨E Super Hornet នៅឯសមុទ្រខ្សាច់ Mojave ក្នុងរដ្ឋ California។ ៥ ថ្ងៃក្រោយមក ឧទ្ធម្ភាគចក្រ MV-២២B ១ គ្រឿងរបស់ កងម៉ារីកអាម៉េរិក ក៏បានធ្លាក់នៅឯ Glamis រដ្ឋ California បណ្ដាលឱ្យទាហាន ៥ នាក់បាត់បង់ជីវិត។
ថ្ងៃទី ៩ មិថុនា ឧទ្ធម្ភាគចក្រ MH-៦០S ១ គ្រឿងរបស់ ទ័ពជើងទឹកអាម៉េរិក ក៏បានធ្លាក់នៅក្បែរមូលដ្ឋាន El Centro។ សមាជិកក្រុមហោះហើរដែលមានគ្នា ៤ នាក់ បានរួចពីការស្លាប់ ក្នុងនោះមានម្នាក់រងរបួស៕