ប្រធានាធិបតី ពូ​ទីន ដំឡើង​ប្រាក់ខែ​ជូន​ជនជាតិ​រុស្ស៊ី

លោក ពូទីន

លោក ពូ​ទីន សម្រេចចិត្ត​ដំឡើង​ប្រាក់បៀវត្ស​យ៉ាងតិច ១០% ជូន​ពលរដ្ឋ​របស់ខ្លួន​ដើម្បី​ទប់ទល់​នឹង​បញ្ហា​ទំនិញ​ឡើងថ្លៃ ព្រមទាំង​បាន​សារភាពថា​សេដ្ឋកិច្ច​ជួប​ការលំបាក​នៅក្នុង​ឆ្នាំនេះ។

«យើង​បាន​ពិភាក្សា​បញ្ហា​នេះ​ជាមួយនឹង​រដ្ឋាភិបាល​ក្នុង​រយៈពេល​យូរ​មកហើយ ចុងក្រោយ​ដំណោះស្រាយ​មួយ​ត្រូវ​បានលើកឡើង​បន្ទាប់ពី​មានរឿង​ចម្រូងចម្រាស​ច្រើន» ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ថ្លែង​កាលពី​ថ្ងៃទី ២៥ ឧសភា ស្ដីពី​ការដំឡើង​ប្រាក់ខែ​ចូលនិវត្តន៍ និង​ប្រាក់បៀវត្ស​អប្បបរមា​នៅ​ប្រទេស​នេះ ដើម្បី​ទប់ទល់​នឹង​អតិផរណា​ដែល​កើនឡើង​ខ្ពស់ និង​ទណ្ឌកម្ម​របស់លោក​ខាងលិច។

«ចាប់ពី​ថ្ងៃទី ១ កក្កដា ប្រាក់បៀវត្ស​អប្បបរមា​នឹង​កើន ១០% ឡើងដល់ ១៥,២៧៩ រូ​ប្ល/ខែ (ប្រហែល ២៥៧ ដុល្លារ​អាម៉េរិក)» ប្រធានាធិបតី ពូ​ទីន ថ្លែង​ដូច្នេះ។

លោក ពូ​ទីន បាន​ព្យាករ​ថា អតិផរណា​នៅ រុស្ស៊ី មិន​លើសពី ១៥% ឡើយ​នៅក្នុង​ឆ្នាំនេះ និង​បាន​សារភាពថា ឆ្នាំ ២០២២ គឺជា​ឆ្នាំ​លំបាក​ចំពោះ​សេដ្ឋកិច្ច​ប្រទេស​នេះ។ ក៏ប៉ុន្តែ បុរស​ខ្លាំង​រូបនេះ​បញ្ជាក់ថា បញ្ហា​នេះ​មិន​ជាប់​ទាក់ទិន​នឹង​យុទ្ធនាការ​យោធា​ពិសេស​របស់ខ្លួន​នៅ អ៊ុយ​ក្រែ​ន ឡើយ។

Advertisement