ស​ង្គ្រ​ម​នៅ អ៊ុយ​ក្រែ​ន ថ្ងៃទី ៦៧៖ ទីក្រុង​វ៉ា​ស៊ី​ង​តោន ប្រកាសថា «ប្រកៀក​ស្មា​ជាមួយ ទីក្រុង​កៀវ»

ប្រធានសភាជាន់ទាប​អាម៉េរិក និង​ ប្រធានាធិបតី​អ៊ុយក្រែន

ប្រធានសភា​ជាន់​ទាប​អាម៉េរិក Nancy Pelosi អះអាងថា ទីក្រុង​វ៉ា​ស៊ី​ង​តោន នឹង​ប្រកៀក​ស្មា​ជាមួយនឹង ទីក្រុង​កៀវ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​សម្ងាត់​នៅ រដ្ឋធានី​របស់ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ៣០ មេសា។

វីដេអូ​ដែល​ត្រូវបាន​បង្ហោះ​ដោយ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន នៅលើ Twitter កាលពី​ម្សិលមិញ បង្ហាញថា លោក ហ្សេ​ឡែ​ន​ស្គី ដែល​ត្រូវបាន​អមដំណើរ​ដោយ​ក្រុម​ប្រដាប់អាវុធ នៅមុន​នោះ ១ ថ្ងៃ បានចេញ​ទទួល​ស្វាគមន៍​ប្រតិភូ​សភា​អាម៉េរិក ដឹកនាំ​ដោយ ប្រធានសភា​ជាន់​ទាប Pelosi នៅ​ខាងក្រៅ​ការិយាល័យ​ប្រធានាធិបតី។

«ប្រតិភូ​របស់​យើង​ទៅកាន់ ទីក្រុង​កៀវ គឺ​ដើម្បី​ជា​សារ ១ ដែល​មិនអាច​យល់​ច្រ​លំបាន និង​យ៉ាង​គគ្រឹកគគ្រេង​ពេញ​សកលលោក៖ សហរដ្ឋ​អាម៉េរិក តែងតែ​ប្រកៀក​ស្មា​ជាមួយ អ៊ុយ​ក្រែ​ន» លោកស្រី Pelosi ថ្លែង​ដូច្នេះ។ Pelosi គឺជា​មន្ត្រីជាន់ខ្ពស់​បំផុត​របស់ អាម៉េរិក ដែល​បានធ្វើ​ទស្សនកិច្ច ទៅ​ក្រុង​កៀវ ចាប់តាំងពី រុស្ស៊ី បាន​បើក​ការឈ្លានពាន​លើ ទឹកដី​អ៊ុយ​ក្រែ​ន កាលពី​ខែកុម្ភៈ។

នៅ​ភាគ​ខាងកើត​នៃ ប្រទេស​អ៊ុយ​ក្រែ​ន កងទ័ព​រុស្ស៊ី នៅតែ​បន្ត​បង្កើន​ការវាយប្រហារ​ដើម្បី​ឈានទៅ​គ្រប់គ្រង​តំបន់ Donbass ជាទី​ដែល​ក្រុម​ផ្ដាច់ខ្លួន​គាំទ្រ​ដោយ រុស្ស៊ី បាន​កាន់កាប់​ផ្នែក​ខ្លះ​នៃ​ខេត្ត Luhansk និង Donetsk។

ក្រុម​មន្ត្រី​អម​ដំណើរ​ប្រធានាធិបតីអ៊ុយក្រែន ចេញ​ទទួល​ ប្រតិភូសភា​ជាន​ទាប​អាម៉េរិក កាល​ពី​ថ្ងៃទី ៣០ មេសា ២០២២

កងកម្លាំង​រុស្ស៊ី បាន​កាន់កាប់​ទីរួមស្រុក Kherson ដែលមាន​ចម្ងាយ​ពី Crimea ប្រហែល ១០០ គីឡូម៉ែត្រ ទៅ​ទិស​ខាងជើង តាំ​អ​ពី​ខែមីនា។

នៅក្នុង​ថ្ងៃទី ១ ឧសភា កងទ័ព​អ៊ុយ​ក្រែ​ន ឱ្យដឹងថា កម្លាំង​រុស្ស៊ី ពី Kherson កំពុង​វាយប្រហារ​ឆ្ពោះទៅ​ទិស​ខាងជើង សំដៅ​ទីក្រុង Mykovaliv និង Kryvyi Rih របស់ អ៊ុយ​ក្រែ​ន។

រុស្ស៊ី កាលពី​ម្សិលមិញ ក៏​ប្រកាសថា បានក​ម្ចេ​ច​អាវុធ​មួយចំនួន​របស់ អាម៉េរិក និង អឺរ៉ុប ដែល​ផ្ដល់​មកឱ្យ អ៊ុយ​ក្រែ​ន នៅពេល​វាយប្រហារ​លើ ព្រលានយន្តហោះ​ក្បែរ Odessa។ អភិបាលខេត្ត Odessa ក៏បាន​ទទួលស្គាល់ថា មានការ​វាយប្រហារ​ពី រុស្ស៊ី នៅទីនេះ។ ប៉ុន្តែ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន មិនទាន់មាន​ការអធិប្បាយ​អ្វី​ចំពោះ​រឿងនេះ​នៅឡើយ។

Advertisement