អាម៉េរិក ជិត​ផ្ដល់ជំនួយ​បន្ថែម ៧៥០ លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន

មន្ត្រី ២ រូប របស់ សហរដ្ឋ​អាម៉េរិក និយាយថា រដ្ឋបាល​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន កំពុង​ត្រៀម​បន្ថែម​ជំនួយ​ជា​សព្វាវុធ​តម្លៃ ៧៥០ លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន។

អាជ្ញាធរ​របស់​ប្រធានាធិបតី បៃ​ដិ​ន ត្រូវបាន​គេ​ជឿថា នឹង​ប្រកាស​អំពី​កញ្ចប់​ជំនួយ​តម្លៃ ៧៥០ លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន ក្នុង​រង្វង់​ពី ២៤ ទៅ ៤៨ ម៉ោង​ខាងមុខ នេះ​បើតាម​ការឱ្យ​ដឹង​របស់​មន្ត្រី​អាម៉េរិក ២ រូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។

ពួកគេ​ឱ្យដឹងថា យោងតាម​ផែនការ​បឋម កញ្ចប់​ជំនួយ​ថ្មី​នឹង​រួមមាន ឧទ្ធម្ភាគចក្រ Mi-១៧, រថពាសដែក Humvee, យន្តហោះ​គ្មាន​មនុស្ស​បើក​ការពារ​ឆ្នេរសមុទ្រ រួម​នឹង​ឈុត​ការពារ​អាវុធ​គីមី និង​អាវុធ​ជីវសាស្ត្រ ឬ​នុយ​ក្លេ​អែរ។

ជំនួយការ​ជាន់ខ្ពស់​ម្នាក់​របស់ សភា​អាម៉េរិក និយាយថា កញ្ចប់​ជំនួយ​ថ្មី​អាច​នឹង​រួមបញ្ចូល​ទាំង​ប្រព័ន្ធ​កាំភ្លើង​ធំ​លើដី​ធុន​ធ្ងន់​ផងដែរ។

ក្រុមមន្ត្រី​នៅ សេត​វិមាន មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​ទៅនឹង​ដំណឹង​ដែល​បានលើកឡើង​ខាងលើ​នៅឡើយ។

កាលពី​សប្ដាហ៍​កន្លង សេត​វិមាន បានឱ្យដឹងថា បានផ្ដល់​ជំនួយ​ផ្នែក​សន្តិសុខ​តម្លៃ​ជាង ១.៧ ពាន់​លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន រួចហើយ ចាប់តាំងពី រុស្ស៊ី បើក​ការឈ្លានពាន។ សព្វាវុធ​ដែល អ៊ុយ​ក្រែ​ន បានទទួល​ពី សហរដ្ឋ​អាម៉េរិក រួមមាន រ៉ុក្កែត​ការពារ​ដែនអាកាស Stinger និង រ៉ុក្កែត​ប្រឆាំង​រថក្រោះ Javelin រួម​នឹង​យុទ្ធភណ្ឌ​ជាច្រើន​ផ្សេងទៀត។

Advertisement