បុរស​ម្នាក់​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ-១៩ រហូតដល់ ៩០ ដូ​ស ដើម្បី​រកប្រាក់

(អាល្លឺម៉ង់)-បុរស​ម្នាក់​នៅ​ទីក្រុង Magdeburg ត្រូវបាន​ចោទប្រកាន់ថា បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ចំនួន ៩០ ដូ​ស ដើម្បី​យក​ប័ណ្ណ​បញ្ជាក់​ការចាក់​វ៉ាក់សាំង ហើយ​លក់​វា​ឱ្យ​អ្នក​ទាំងឡាយណា​ដែល​មិន​ចង់​ចាក់​វ៉ាក់សាំង។

បុរស​ខាងលើនេះ ត្រូវបាន​គេ​ជឿថា បាន​ទៅកាន់​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​នានា​នៅក្នុង​រដ្ឋ Saxony ដើម្បី​ទទួល​ការចាក់​វ៉ាក់សាំង​រាប់សិប​ដូ​ស​ក្នុង​រយៈពេល​ច្រើន​ខែ រហូត​ដល់ពេល​ត្រូវ​សមត្ថកិច្ច​រកឃើញ​កំហុស។

ជននេះ​មិន​ត្រូវបាន​ឃុំខ្លួន ប៉ុន្តែ​កំពុង​ត្រូវបាន​ស៊ើបអង្កេត​ក្រោម​បទ​ចោទ ផ្ដល់​ប័ណ្ណ​បញ្ជាក់​ការចាក់​វ៉ាក់សាំង​ដោយ​ខុសច្បាប់ និង​ក្លែងបន្លំ​លិខិតស្នាម។ បុរស​នេះ​ត្រូវបាន​ចាប់ខ្លួន​នៅឯ​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​មួយ​ក្នុង​តំបន់ Eilenburg នៅពេល​ទៅ​ទទួល​ការចាក់​វ៉ា​ក់នៅ​ថ្ងៃ​ចន្ទ​ជា​បន្តបន្ទាប់។ ប៉ូលិស​បាន​រឹបអូស​យក​ប័ណ្ណ​បញ្ជាក់​ការចាក់​វ៉ាក់សាំង​ជាច្រើន​ដែល​បុរស​នេះ​យកតាម​ខ្លួន។ ដោយ​ការ​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ជា​បន្តបន្ទាប់ ជននេះ​នឹង​យក​លេខ​ឡូត៍​វ៉ាក់សាំង​ពិត​ដើម្បី​កត់ចូល​ក្នុង​ប័ណ្ណ​បញ្ជាក់។

បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​ថា វ៉ាក់សាំង ៩០ ដូ​ស ដែល​ជននេះ​បានទទួល​ការចាក់ ជា​របស់​ក្រុមហ៊ុន​ណាខ្លះ និង​មាន​ផលប៉ះពាល់​អ្វីខ្លះ​ដល់​សុខភាព​របស់​ជននេះ​នៅឡើយ។

សមត្ថកិច្ច​របស់ អាល្លឺម៉ង់ ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ បានធ្វើការ​ស្រាវជ្រាវរ​ក​សកម្មភាព​ក្លែងបន្លំ​ឯកសារ​ស្ដីពី​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-១។ មនុស្ស​ជាច្រើន​មិន​ព្រម​ចាក់​វ៉ាក់សាំង ប៉ុន្តែ​ចង់បាន​ប័ណ្ណ​បញ្ជាក់​ការចាក់​វ៉ាក់សាំង​ដើម្បី​ងាយស្រួល​ដើរហើរ ដែល​នេះ​គឺជា​មូលហេតុ​នាំឱ្យ​បុរស​ខាងលើ​រក​វិធី​រកប្រាក់។

ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី ០៣ មីនា បានឱ្យដឹងថា បាន​រកឃើញ​ករណី​ឆ្លង​កូ​វីដ-១៩ ជាង ៧៤,០០០ នាក់​ទៀត ប៉ុន្តែ នេះ​គឺជា​តួលេខ​ដែល​ទាប​ជាង​ប្រហែល ៣៧,០០០ នាក់ ធៀប​នឹង ១ សប្ដាហ៍​មុន។ ជា​សរុប ប្រទេស​នេះ​មាន​អ្នកស្លាប់​ដោយសារ​កូ​វីដ-១៩ ចំនួន ១៣០,០២៩ នាក់៕

Advertisement