មន្ត្រី​អ៊ុយ​ក្រែ​ន ថា សង្គ្រាម​អាច​បញ្ចប់​នៅក្នុង​ខែឧសភា ឆ្នាំ ២០២២

ទាហានអ៊ុយក្រែន ១ រូប កំពុងស្ថិតនៅទីតាំងការពាររដ្ឋធានីកៀវ កាលពីថ្ងៃទី ១៤ មីនា ២០២២

លោក Oleksiy Arestovich ទីប្រឹក្សា​របស់​ប្រធានការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន កាលពី​ព្រលប់​ថ្ងៃទី ១៤ មីនា បាន​អះអាងថា សង្គ្រាម​នៅ​ប្រទេស​នេះ អាច​បញ្ចប់​នៅ​ដើមខែ​ឧសភា នៅពេល កងទ័ព​រុស្ស៊ី អស់​ប្រភពធនធាន​សម្រាប់ធ្វើ​សង្គ្រាម នេះ​បើ​យោងតាម​សារព័ត៌មាន Reuters។

នៅក្នុង​វីដេអូ ដែល​ផលិត​ដោយ អ៊ុយ​ក្រែ​ន លោក Arestovich ថ្លែងថា ពេលវេលា​ជាក់លាក់​ស្ដីពី​ការបញ្ចប់​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី គឺ​អាស្រ័យ​លើ​ប្រភពធនធាន​របស់ រុស្ស៊ី បម្រុង​សម្រាប់​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន ដែល​បានចាប់ផ្ដើម​តាំងពី​ថ្ងៃទី ២៤ កុម្ភៈ។

«ខ្ញុំ​គិតថា មិនយូរ​ជាង​ខែឧសភា ពោលគឺ​នៅ​ដើមខែ​ឧសភា យើង​នឹង​អាចមាន​កិច្ចព្រមព្រៀង​សន្តិភាព អាច​លឿន​ជាង​នេះ យើង​រង់ចាំ​មើល​មើល ខ្ញុំ​កំពុងនិយាយ​អំពី​ថ្ងៃ​ដែល​អាច​យឺត​បំផុត» លោក Arestovich ថ្លែង​ដូច្នេះ។

ក្រុមទាហានអ៊ុយក្រែន កំពុងត្រៀមសែងសាកសពមិត្តរួមអាវុធម្នាក់ នៅទីក្រុង Irpin ភាគពាយព្យរដ្ឋធានីកៀវ កាលពីថ្ងៃទី ១៣ មីនា ២០២២

លោក Arestovich បន្តថា បើទោះជា​កិច្ចព្រមព្រៀង​ត្រូវបាន​ចុះហត្ថលេខា ប៉ុន្តែ ការប៉ះទង្គិច​ប្រដាប់អាវុធតូចៗ នៅតែ​អាច​កើតឡើង​ក្នុង​រង្វង់ ១ ឆ្នាំ។

កាលពី​ថ្ងៃទី ១១ មីនា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី យល់ថា រុស្ស៊ី កំពុង​ប្រើប្រាស់​ទាហាន​បម្រុង ទាហាន​ជាប់​កាតព្វកិច្ច និង​ទាហាន​ស៊ីឈ្នួល​ជនជាតិ​ស៊ី​រី សម្រាប់​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន។ ភាគី​ខាង រុស្ស៊ី មិនទាន់មាន​ប្រតិកម្ម​អ្វី​ទៅនឹង​ការលើកឡើង​ទាំងឡាយ​ខាងលើនេះ​នៅឡើយ។

Advertisement