អភិបាលក្រុង Kherson បានឱ្យដឹងថា «កងកម្លាំងរុស្ស៊ី បានសម្រុកចូលសាលាក្រុង» ដែលនេះគឺជាសញ្ញាណបង្ហាញថា ទីក្រុងធំដំបូងគេរបស់ អ៊ុយក្រែន បានធ្លាក់ទៅក្នុងដៃរបស់ កងទ័ពរុស្ស៊ី។
លោក Igor Kolykhayev ដែលជាអភិបាលក្រុង Kherson បានប្រាប់ NY Times ថា ទាហានរុស្ស៊ី ប្រហែល ១០ នាក់ ក្នុងនោះមានមេបញ្ជាការម្នាក់ បានសម្រុកចូលអគារសាលាក្រុង កាលពីថ្ងៃទី ២ មីនា។ ក្រុមនេះបានប្រាប់លោកថា ពួកគេនឹងបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលដូចទៅនឹងរដ្ឋាភិបាលផ្ដាច់ខ្លួនទាំងពីរនៅភាគខាងកើតប្រទេសអ៊ុយក្រែន។
«ខ្ញុំមិនបានសន្យាអ្វីជាមួយពួកគេ។ ខ្ញុំក៏មិនមានអ្វីដើម្បីសន្យា។ ខ្ញុំគ្រាន់តែយកចិត្តទុកដាក់លើជីវភាពសាមញ្ញនៅទីក្រុងរបស់យើង។ ខ្ញុំគ្រាន់តែស្នើឱ្យពួកគេកុំបាញ់សម្លាប់ប្រជាជន» លោក Kolykhayev ក្រោយមក ក៏បានបង្ហោះសារនេះនៅលើ Facebook។
អភិបាលក្រុង Kherson ឱ្យដឹងថា បច្ចុប្បន្ន កងទ័ពអ៊ុយក្រែន មិនមានវត្តមាននៅក្នុងទីក្រុងនេះ ហើយប្រជាជនត្រូវធ្វើតាមក្រុមប្រដាប់អាវុធ ដែលនេះបង្ហាញថា ទីក្រុង Kherson បច្ចុប្បន្ន ស្ថិតក្រោមការគ្រប់គ្រងរបស់ កងទ័ពរុស្ស៊ី។
Kherson គឺជាទីក្រុងយុទ្ធសាស្ត្រនៅច្រកចេញទៅ សមុទ្រខ្មៅ របស់ អ៊ុយក្រែន។ ដណ្ដើមបាន Kherson កងទ័ពរុស្ស៊ី នឹងមានឈ្នាន់សម្រាប់ឆ្ពោះទៅទិសខាងលិចដើម្បីវាយប្រហារលើ Odessa ដែលជាទីក្រុងមានតម្លៃផ្នែកយុទ្ធសាស្ត្រខ្ពស់ជាង។